រដ្ឋមន្រ្តីការបរទេសសិង្ហបុរីបាននិយាយថា រដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដោយលោកអំពាវនាវឲ្យមានការដោះលែងមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់។
លោក Vivian Balakrishnan បានថ្លែងនៅក្នុងសភាកាលពីថ្ងៃចន្ទថា “កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសមួយ នឹងត្រូវកោះប្រជុំតាមរយៈ Video Conference នៅថ្ងៃនេះ និងជាកន្លែងដែលយើងនឹងស្តាប់តំណាងអាជ្ញាធរយោធាមីយ៉ាន់ម៉ា”។
លោកក៏បានអំពាវនាវឲ្យអាជ្ញាធរយោធាមីយ៉ាន់ម៉ា បញ្ឈប់ពីការប្រើប្រាស់កម្លាំងហួសហេតុ ហើយត្រូវចាត់វិធានការជាបន្ទាន់ដើម្បីសម្រាលស្ថានការណ៍ ដើម្បីទប់ស្កាត់ការបង្ហូរឈាម អំពើហិង្សានិងការស្លាប់បន្ថែមទៀត។
លោកក៏បានជំរុញផងដែរ ឲ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចពិភាក្សាដើម្បីស្វែងរកដំណោះស្រាយនយោបាយរយៈពេលវែង រួមទាំងវិធីដើម្បីវិលត្រឡប់ទៅរកផ្លូវនៃការឈានទៅរកលទ្ធិប្រជាធិបតេយ្យ។
លោកបានប្រាប់សភាថា “យើងជឿជាក់ថា រឿងនេះអាចចាប់ផ្តើមបានលុះត្រាតែលោកប្រធានាធិបតី Win Myint, ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំនយោបាយផ្សេងទៀតត្រូវបានដោះលែងជាបន្ទាន់”។