លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកម្មវិធីមនុស្សធម៌(CSR) នៅវិទ្យាល័យប៉ាក់ខ្លង ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលរៀបចំឡើងដោយស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឯកអគ្គរាជទូត និងមានមន្ត្រីស្ថានទូត ព្រមទាំងវិស័យឯកជនថៃជាច្រើនទៀត ចូលរួមផងដែរ។
នៅក្នុងកម្មវិធីនេះ លោកជំទាវអភិបាលខេត្ត បានសំដែងនូវភាពរីករាយស្វាគមន៍ចំពោះវត្តមានឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវ ព្រមទាំងលោកលោកស្រី ប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងបានចូលរួមឧបត្ថម្ភ ជាសម្ភារសិក្សា សម្ភារកីឡា គ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន ដល់វិទ្យាល័យប៉ាក់ខ្លង ដើម្បីជួយគាំទ្រទៅដល់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ជាពិសេស គឺជួយជំរុញគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស នៃវិទ្យាល័យទាំមូល។
បន្ថែមពីនេះ លោកជំទាវក៏បានធ្វើការផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្ទេរចំណេះដឹង ដល់សិស្សានុសិស្ស ហើយចំពោះសិស្សានុសិស្សខ្លួនឯងផ្ទាល់ ក៏ត្រូវតែខិតខំរៀនសូត្រ សិក្សាស្វែងយល់ និងស្ដាប់នូវការពន្យល់ណែនាំរបស់លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យក្លាយទៅជាកូនល្អ សិស្សល្អ និងប្រជាពលរដ្ឋល្អ នាថ្ងៃអនាគត។
ជាចុងបញ្ចប់ លោកជំទាវ បានថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ ដែលបានប្រារព្ធនូវកម្មវិធីមនុស្សធម៌នេះឡើង និងបានជូនពរគណ:ប្រតិភូទាំងអស់ សូមសម្រេចបាននូវគ្រប់ភារកិច្ចការងារ និងសូមធ្វើដំណើរប្រកបដោយសុវត្ថិភាព៕
ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣