ខេត្តកែប៖ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោកជំទាវអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិ បានអញ្ជើញនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចុះសួរសុខទុក្ខ និងផ្តល់ជូនលោក នូ ហួយ សមាជិកក្រុមប្រឹក្សាសង្កាត់កែប អាយុ ៧១ឆ្នាំ ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។
នៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តម បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរប្រកបដោយចិត្តសប្បុរសធម៌ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ពេលវេលា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវបញ្ហាប្រឈម ឬគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់សាសនា បក្សពួក ឬនិន្នាការនយោបាយឡើយ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអប់រំណែនាំដល់ក្រុមគ្រួសារអ្នកជំងឺត្រូវចេះថែរក្សាអនាម័យសុខភាពអ្នកជំងឺ និងខ្លួនឯងឲ្យបានល្អជាប្រចាំ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ ត្រូវចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការ ៣ការពារ និងវិធានការ ៣កុំ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩៕