លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ជូនថា នៅចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យចំនួន០៤ ក្នុងនោះរួមមាន៖ អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធក្រុង អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធស្រុក អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធខណ្ឌ នៃរាជធានីភ្នំពេញ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលឲ្យទៅរដ្ឋបាលរាជធានី ខេត្

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ជូនថា នៅចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យចំនួន០៤ ក្នុងនោះរួមមាន៖ អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធក្រុង អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធស្រុក អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធខណ្ឌ នៃរាជធានីភ្នំពេញ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលឲ្យទៅរដ្ឋបាលរាជធានី ខេត្ត។
បន្ទាប់ពីសមាហរណកម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញនានា នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួចមក គ.ជ.អ.ប និងក្រសួងមហាផ្ទៃ តែងតែផ្តល់ការណែនាំជាហូរហែរ ក្នុងការបំពេញការងាររបស់មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមរចនាសម្ព័ន្ធថ្មីនេះ ជាក់ស្តែងយើងមានបញ្ហាប្រឈមមួយចំនួន ដូចជា ការចរាចរលិខិតស្នាម និងការតែងតាំងមន្ត្រីរាជការជាដើម។ល។


ដូច្នេះដើម្បីអនុវត្តឱ្យស្របតាមគោលការណ៍ណែនាំលេខ ៧៨៨ មស.សណន និងសេចក្តីណែនាំលេខ១៦៨ លេខ១៦៩ មស.សណន របស់ក្រសួងមុខងារសាធារណៈ ឱ្យមានប្រសិទ្ធភាពស្របតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ និងដើម្បីធានាឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាព មានចំណេះដឹង និងឯកសារជាមូលដ្ឋានក្នុងការរៀបចំពាក់ព័ន្ធនឹងការគ្រប់គ្រង និងការចាត់ចែងមន្ត្រី បុគ្គលិករបស់ខ្លួនបានត្រឹមត្រូវ និងមានលក្ខណៈឯកភាពគ្នា ទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បានស្នើរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីផ្តល់ចំណេះដឹងក្នុងការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងប្រសិទ្ធផលលើការងារគ្រប់គ្រង និងចាត់ចែងបុគ្គលិក ទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ដែលក្រុមការងារនឹងធ្វើបទបង្ហាញនាពេលបន្តិចទៀតនេះ។ ហើយខ្ញុំក៏សូមស្នើដល់អស់លោក លោកស្រី មេត្តាចូលរួម យកចិត្តទុកស្តាប់ និងចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងបុគ្គលិក។ ខ្ញុំក៏សូមរំលេចបន្ថែមទៀតដែរថា ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការអនុវត្តសកម្មភាពគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ផលិតភាព ឆ្លើយតបទៅនឹងតម្រូវការការងារ ការពង្រឹងសមត្ថភាពបុគ្គលិក មន្ត្រីរាជការ តាមរយៈការអភិវឌ្ឍចំណេះដឹង ជំនាញ បទពិសោធន៍ ការផ្លាស់ប្ដូរអាកប្បកិរិយា និងឥរិយាបថរបស់មន្ត្រីរាជការ ពីអ្នកគ្រប់គ្រងទៅជាអ្នកផ្ដល់សេវាប្រកបដោយវប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព សីលធម៌ និងមានមនសិការវិជ្ជាជីវខ្ពស់។ សូមធ្វើការគូសបញ្ជាក់ជូនអង្គពិធីទាំងមូលឲ្យបានជ្រាបផងដែរថា ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ត្រូវឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងមានលក្ខណៈទូលំទូលាយដោយមានការចូលរួមក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍នានា ពីគ្រូឧទ្ទេសជូនដល់សិក្ខាកាមទាំងអស់ ដែលសុទ្ធតែជាថ្នាក់ដឹកនាំ និងអ្នកទទួលខុសត្រូវដោយផ្ទាល់ក្នុងការងារគ្រប់គ្រងធនធានមនុស្ស។


ឯកសារដែលមានសារៈសំខាន់មួយចំនួនដែលនឹងបង្ហាញលម្អិតនៅក្នុងការធ្វើបទបង្ហាញរួមមាន៖
ទី១៖ ក្របខ័ណ្ឌច្បាប់
ទី២៖ គោលការណ៍ បែបបទ និងនីតិវិធីនៃការតែងតាំង និងបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិលនៃមន្ទីរ អង្គភាពជំនាញនានាដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ
ទី៣៖ ការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ទី៤៖ ការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា
មុននឹងបញ្ចប់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តទាំងអស់ ដែលបានសហការគ្នារៀបចំសម្របសម្រួលកិច្ចការនេះបានយ៉ាងល្អប្រសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះ។


ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣