ប្រទេសឡាវ បានពង្រីកវិធានការការពារជំងឺកូវីដ១៩របស់ខ្លួន ហើយតម្រូវឲ្យជនបរទេសទាំងអស់ដែលចូលក្នុងប្រទេស ត្រូវទិញធានារ៉ាប់រងជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងដែលចេញដោយ គណៈកម្មាធិការជាតិការពារនិងគ្រប់គ្រងជំងឺកូវីដ១៩បានឲ្យដឹងថា ឥឡូវ ការធានារ៉ាប់រងជំងឺកូវីដ១៩ គឺចាំបាច់ត្រូវតែបន្ថែមទៅលើឯកសារធ្វើដំណើរផ្សេងទៀតនិងសំណើអនុញ្ញាតចូលក្នុងប្រទេស។
យោងតាមការចុះផ្សាយរបស់កាសែត Vientiane Times នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អ្នកមិនមែនជាពលរដ្ឋឡាវដែលមានបំណងចូលប្រទេសនេះ ត្រូវតែទាក់ទងស្ថានទូតរបស់ពួកគេពាក់ព័ន្ធនឹងការទិញធានារ៉ាប់រងជំងឺកូវីដ១៩។ ការធានារ៉ាប់រងនេះនឹងត្រូវចំណាយលើថ្លៃថ្នាំពេទ្យ ក្នុងករណីអ្នកដែលទិញធានារ៉ាប់រង ឆ្លងវីរុស។
គោលនយោបាយដែលមានលក្ខណៈទូលំទូលាយបំផុតនេះ ក៏នឹងធានាដល់អ្នកទិញធានារ៉ាប់រង មិនឲ្យមានផលប៉ះពាល់ដែលបង្កឡើងដោយវីរុសផងដែរ។
ឥឡូវនេះ ការចំណាយពិសេសត្រូវបានទាមទារ ពីព្រោះគោលនយោបាយធានារ៉ាប់រងសុខភាពនិងការធ្វើដំណើរធម្មតា មិនបានផ្តល់ការការពារប្រឆាំងនឹងជំងឺរាតត្បាតនេះទេរួមទាំងឧប្បត្តិហេតុណាមួយដែលទាក់ទងនឹងជំងឺកូវីដ១៩ផងដែរ។