លោក កៅ សុខវ៉ាត ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំក្រុមហ៊ុន ស៊ីនទ្រី បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះ លោកសូមអរគុណដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ព្រួយបារម្ភដល់សុវត្ថិភាពកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ។
លោក កៅ សុខវ៉ាត មានប្រសាសន៍បន្តថា៖ “ការចុះឈ្មោះចាក់វ៉ាក់សាំងនោះ គឺធ្វើឡើយដោយស្ម័គ្រចិត្តតាមបណ្ដាខណ្ឌនីមួយៗ ខ្ញុំអត់ទាន់ដឹងច្បាស់ថាកម្មករប្រមូលសំរាមចាក់វ៉ាក់សាំងនៅទីណាទេ”។
លោក កៅ សុខវ៉ាត មានប្រសាសន៍បន្តថា នៅពេលនេះ លោកមិនទាន់ដឹងថា ចំនួនអ្នកទៅចាក់វ៉ាក់សាំងនោះមានប៉ុន្មាននាក់នោះទេ។
លោក កៅ សុខវ៉ាត មានប្រសាន៍ថា៖ “នៅថ្ងៃនេះមិនទាន់មានបងប្អូនកម្មករប្រមូលសំរាមរូបណាបានទៅចាក់វ៉ាក់សាំងនៅឡើយទេ ពួកគាត់នៅបម្រើការជាធម្មតាសិនទេ ប៉ុន្តែបើពេលណា ថ្ងៃណា មិនទាន់បានច្បាស់ទេ”។
ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំក្រុមហ៊ុន ស៊ីនទ្រី រូបនេះ បានឱ្យដឹងថា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីទាំងអស់មានជាង ១,៧០០នាក់ រួមទាំងបុគ្គលិកទៀតគឺមានជាង២,០០០នាក់ជាង។