បទល្មើសឧក្រិដ្ឋ នៅក្នុងប្រទេសជប៉ុន បានថយចុះជាប្រវត្តិសាស្ត្រ ដោយសារតែមនុស្សម្នានាំគ្នា “សម្ងំនៅផ្ទះទប់ស្កាត់មេរោគ” ក្នុងអំឡុងពេលវីរុសកូវីដ-១៩ រាតត្បាត តែបទល្មើស Cyber និងអំពើហិង្សាក្នុងគ្រួសារ បែរជាកើនឡើងទៅវិញ។
អគ្គនាយកដ្ឋានប៉ូលិសនៃប្រទេសជប៉ុន បានបង្ហើបឱ្យដឹងថា ក្នុងឆ្នាំ2020 កន្លងទៅ ចំនួនបទល្មើសឧក្រិដ្ឋ បានថយចុះជាបន្តបន្ទាប់ ជាឆ្នាំទី6 និងមានចំនួនតិចបំផុត ក្នុងជុំ 76ឆ្នាំ ក្រោយពីចប់សង្គ្រាមលោកលើកទី2 មក។ ការប្លន់ទ្រព្យសម្បត្តិ និងការចូលរុករានផ្ទះសំបែងអ្នកដទៃ បានថយចុះយ៉ាងច្រើន ព្រោះមនុស្សម្នា បាននាំគ្នាសម្ងំនៅក្នុងផ្ទះ ក្នុងអំឡុងការឆ្លងរាតត្បាតរបស់កូវីដ-១។ បទល្មើសឧក្រិដ្ឋនៅតាមផ្លូវថ្នល់ ក៏ថយចុះ ព្រោះអាជ្ញាធរ បានបង្កើនការយាមកាម និងផ្សព្វផ្សាយឱ្យប្រជាជនផ្អាកចេញក្រៅផ្ទះ បើមិនចាំបាច់។