លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អ្នកសង្កេតការណ៍ សមាគមនារី និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត

ថ្ងៃអាទិត្យ ១៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អ្នកសង្កេតការណ៍ សមាគមនារី និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃអាទិត្យ ១៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អ្នកសង្កេតការណ៍ សមាគមនារី និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអ្នក សង្កេតការណ៍ជាតិរបស់សមាគមនារីកម្ពុជា និង ស.ស.យ.ក. ខេត្ត។ នាងខ្ញុំសូមស្វាគមន៍ប្រកបដោយមនោសញ្ចេតចំពោះវត្តមាន លោកជំទាវ  លោក លោកស្រី និងប្អូនៗទាំងអស់ ដែលបានមកចូលរួមក្នុងពិធីនាពេលនេះ។


អង្គពិធីទាំងមូល ជាទីមេត្រី! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារសាខាសមាគមនារី និង ស.ស.យ.ក. ខេត្ត ក្នុងការជ្រើសរើស និងរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ សម្រាប់សង្កេត និងឃ្លាំមើលដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣។
បើតាមខ្ញុំចាំ នេះជាលើកទី៤ហើយសម្រាប់ សមាគមនារី និង ស.ស.យ.ក. ខេត្ត ក្នុងការ ចូលរួមធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោត៖
– លើកទី១ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧
– លើកទី២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨
– លើកទី៣ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២
– និងលើកទី៤ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា សប្ដាហ៍ក្រោយនេះតែម្ដង។

ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមបញ្ជាក់ដល់អ្នកសង្កេតការណ៍ សមាគមនារីចំនួន ១៩០រូប និង ស.ស.យ.ក. ចំនួន ២១៨រូប ទូទាំងខេត្ត សូមអនុវត្តនូវអ្វី ដែលក្រុមការងារបានចែករំលែកក្នុងវគ្គបណ្ដុះបណ្ដាលកន្លងមកនេះ រួមមាន៖
១.ត្រូវអនុវត្ត និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយ ជំហរអព្យាក្រឹត មិនលម្អៀង ដើម្បីធានាឱ្យកិច្ចសង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើង ដោយសុច្ចរិត និងតម្លាភាព
២.ត្រូវប្រើប្រាស់សិទ្ធិ និងតួនាទីភារកិច្ចរបស់អ្នកសង្កេតការណ៍ទាំង៩ចំនុច
៣. ត្រូវគោរពបំរាមចំពោះអ្នកសង្កេតការណ៍ទាំង១២ចំនុច
៤. ត្រូវត្រួតពិនិត្យអ្វីខ្លះ នៅពេលដំណើរការបោះឆ្នោត ទាំង១០ចំនុច
៥. ត្រូវត្រួតពិនិត្យអ្វីខ្លះ នៅពេលរាប់សន្លឹកឆ្នោត ទាំង៤ចំនុច។
គណៈអធិបតី! ភ្ញៀវកិត្តិយស សមាជិក នៃអង្គពិធីទាំងអស់ ជាទីរាប់អាន! ជាទីបពា្ចប់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាថ្មីម្ដងទៀត ចំពោះវត្តមាន លោកជំទាវ លោក លោកស្រី ប្អូនៗ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងផ្ដល់កិត្តិយស អញ្ជើញចូលរួម ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ និងសូមគោរពជូនពរ លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល សូមបានប្រកបដោយ សេរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


ខ្ញុំសូមប្រកាសបិទវគ្គបណ្ដុះបណ្ដាល អ្នកសង្កេតការណ៍ជាតិ របស់សាខាសមាគមនារីកម្ពុជា  និង ស.ស.យ.ក ខេត្តកោះកុង សម្រាប់ការចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ ៕