សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន នាព្រឹក ថ្ងៃអង្គារ៍ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានទទួលដំណឹងថា លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន ត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនាព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១០:៥៤នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន គឺជាការបាត់បង់នូវភរិយា ម្ដាយ ម្ដាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់កូន និងចៅៗ ដោយមួយជីវិតរបស់ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានលះបង់អស់កម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូនឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម និងខិតខំធ្វើតែអំពើជាកុសល។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយ ឯកឧត្តម គឹម ធា ព្រមទាំងក្រុមគ្រួសារ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕