ខេត្ដកំពង់ចាម៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យកងកម្លាំងអន្តរាគមន៍ដែលកំពុងប្រតិបត្តិការពន្លត់អគ្គីភ័យដែលបានឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែង ស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីវេលាម៉ោងប្រមាណ១២ និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១។
ចំពោះករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចជំនាញពុំទាន់សន្និដ្ឋានឲ្យបានជាក់លាក់អំពីការបង្កឲ្យមានជាអគ្គិភ័យនេះនៅឡើយទេ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នងឃ្លាំងនេះមានសាច់ក្រណាត់ប្រមាណជា៣០០ តោន និងមានផ្ទះប្រជាពលរដ្ឋក្បែៗនោះផងដែរ។ ហើយក្នុងប្រតិបត្តិការស្នងការនគរបាលខេត្តកំពង់ចាម បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៩គ្រឿងចេញអន្តរាគមន៍។
ឃ្លាំងស្តុកក្រណាត់ប្រមាណជា ៣០០ តោនត្រូវបានអគ្គីភ័យឆាប់ឆេះ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់ផ្នែកគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយនូវវិធានការទប់ស្កាត់ និងបង្ការនូវគ្រោះអគ្គីភ័យឲ្យដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានដើម្បីចូលរួមអនុវត្តទាំងអស់គ្នា ព្រោះឥឡូវនេះជារដូវប្រាំងដៅហួតហែង ដែលជាហេតុដែលបង្ករឲ្យកើតមានគ្រោះអគ្គីភ័យកើតឡើងផងដែរ៕