សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវឲ្យសមាជិក សមាជិកា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវឲ្យសមាជិក សមាជិកា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

សម្តេចកិតិសង្គហបណ្ឌិត មានប្រសាសន៍បែបនេះខណៈសម្តេចបានអញ្ជើញបន្តឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ ថ្ងៃទី១០ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាបក្ស ចំនួន ជាង ៦០០នាក់ នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។ បន្ទាប់មកទៀត សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមការងារ ក៏បានបង្រៀន សមាជិក សមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ ។

សូមបញ្ជាក់ផងដែរថា ៖ សម្រាប់ការឃោសនារកសម្លេងគាំទ្រទាំង ១៣ គណបក្សនៅទូទាំងខេត្តស្វាយរៀង គឺគណបក្សនីមួយៗបានគោរពតាមគោលការណ៍របស់ គជប និងពុំមានបាតុភាពអ្វីកើតឡើងនោះទេ ។ ខេត្តស្វាយរៀងមាន ៨ ក្រុង/ស្រុក និង ៨០ឃុំ/សង្កាត់, មានចំនួន ៥អាសនៈ, ការិយាល័យបោះឆ្នោតមានចំនួន ៩៨៤ការិយាល័យ, មានគណបក្សនយោបាយចំនួន ១៣ ក្នុងចំណោម ១៨ ចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧, ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤១៥.៩១៩នាក់ ចំណែកឯ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មានចំនួន ៣២០.៨៦៦នាក់ ៕