កម្ពុជា និងទីម័រខាងកើតជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគី

ដោយមើលឃើញពីទំហំពាណិជ្ជកម្មនៅមានកម្រិតទាបរវាងប្រទេសទាំងពីរ កម្ពុជា និងទីម័រខាងកើតបានឯកភាពគ្នា និងជំរុញការបង្កើនការដោះដូរពាណិជ្ជទ្វេរភាគីឱ្យមានទំហំកាន់តែធំជាងមុន។

នៅក្នុងជំនួបមួយតាមប្រព័ន្ធវីដេអូ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី អាដាល់ជីស្សា  អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតទាបនៅឡើយ និងបានឯកភាពជំរុញឱ្យភាគីពាក់ព័ន្ធទាំងពីរពិនិត្យលទ្ធភាពបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលមានស្រាប់។ 

ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មបន្ថែមរវាងប្រទេសទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីថា កម្ពុជានៅតែបើកចំហរសម្រាប់ការពិភាក្សាលើការនាំចេញអង្ករទៅប្រទេសទីម័រខាងកើត តាមការស្នើសុំរបស់ទីម័រខាងកើត កាលពីឆ្នាំ២០២០ និងថាអង្ករកម្ពុជាត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាអង្ករមានគុណភាពខ្ពស់។

 

Leave a Reply