ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ដត្បូងឃ្មុំ និងលោកជំទាវ និង ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន និងលោកជំទាវ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក ជាឃោសនិកឆ្នើមរបស់បក្ស ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រមាណជាង ៦០០នាក់ ដើម្បីណែនាំពី របៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបានត្រឹមត្រូវ និងបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។
ពិធីជួបសំណេះសំណាល នេះ ធ្វើឡើងនៅស្នាក់ការគណបក្សស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ លោក-លោកស្រី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធាន-អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ព្រមទាំង លោក លោកស្រី ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក យ៉ាងច្រើនកុះករ។
លោក លី សុភាលីន ប្រធានគណៈកម្មាធិការគណបក្សស្រុកពញាក្រែក បានអានរបាយការណ៍ស្វាគមន៍ និងបានលើឡើងពីការអនុវត្តនូវស្មារតីនៃសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលពេលខ្លីខាងមុខជោគជ័យឱ្យខាងតែបានជូនគណបក្ស ក្នុងនោះមានជាអាទិ៍ ការបន្តអនុវត្តយុទ្ធសាស្ត្រ“ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណសមាជិកគណបក្សដើម្បីឈ្នះឆ្នោត” ការបន្តចិញ្ចឹមចលនាមហាជននៅមូលដ្ឋានជាប់ជាប្រចាំ និងកាន់តែសកម្ម ដោយយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងសំណូមពរដែលមាននៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ការរៀបចំពង្រឹងកម្លាំងបន្តវេន និងបន្តកសាងពង្រីកសមាជិកបក្សថ្មី ពិសេសយុវជន និងស្ត្រី និងការជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន ក៏បានពាំនាំនូវ ការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ ការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មានសម្ដេចប្រធាន សម្ដេចប្រធានកិត្តិយស និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកពញាក្រែក ក៏ដូចជាទូទាំងខេត្តត្បុងឃ្មុំ សូមប្រកបដោយសេចក្តីសុខ នឹងទទួលបានជោគជ័យ ក្នុងការបោះឆ្នោត នាពេលខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ដត្បូងឃ្មុំ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់បក្ខពួក ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្ដមបណ្ឌិតប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ដ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក/ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមយ៉ាងសកម្មភាព ខិតខំអនុវត្តន៍ការងារ តាមគោលមាគ៌ានយោបាយរបស់គណបក្ស សកម្មចូលរួមកការងារសង្គមជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់យុវជននៅគ្រប់ជាន់ថ្នាក់បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តថា តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស យូរអង្វែងច្រើនជំនាន់ ដើម្បីបន្តពង្រីក ឱកាសសម្រាប់ជីវភាព ចម្រុងចម្រើនថែមទៀតជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រាយមន្ត្រីកសិកម្មអោយនៅគៀកជាមួយពលរដ្ឋ គ្រប់ឃុំ នៅទូទាំងខេត្ត និងជាពិសេសផ្តល់ឱកាសពលរដ្ឋខ្មែរ ១លាន ៥សែន នាក់ នៅទូទាំងប្រទេស ក្លាយជាកម្មករជំនាញច្បាស់លាស់ផងដែរ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ ក្នុងនោះដែរ ប្រសិនបើប្រជាពលរដ្ឋ ដែលបាត់ ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សូមទៅទំនាក់ទំនងជាមួយអាជ្ញាធរឃុំ បំពេញទម្រង់ ឯ.អ ដើម្បីបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតបានយ៉ាងល្អប្រសើរ។ ហើយប្រសិនបើមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពក្នុង ឆ្នាំ២០២២ និង២០២៣ អាចបន្តប្រើប្រាស់អត្តសញ្ញាណបណ្ណនោះ សម្រាប់ការបោះឆ្នោតនៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះបាន។
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏បានធ្វើការណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ ដោយបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕