ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ដឹកនាំក្រុមការងារចុះពិនិត្យ​ វឌ្ឍនា​ភាព​ការដ្ឋានកសាងផ្លូវកៅស៊ូ​ និងផ្លូវបេតុង ស្ពាន លូ ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែនក្នុងស្រុកកងមាស

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ លោកអភិបាលរងខេត្ត បានដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះពិនិត្យស្ថានភាព ការស្ថាបនាផ្លូវចំនួន៣ខ្សែ ប្រវែងជាង ៣០គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំ ចំនួន ៤ នៃស្រុកកងមាស ខេត្តកំពង់ចាម

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ លោកអភិបាលរងខេត្ត បានដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះពិនិត្យស្ថានភាព ការស្ថាបនាផ្លូវចំនួន៣ខ្សែ ប្រវែងជាង ៣០គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំ ចំនួន ៤ នៃស្រុកកងមាស ខេត្តកំពង់ចាម ។ 

ក្នុងដំណើរចុះពិនិត្យការដ្ឋានខាងលើ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ បង្កើនការយកចិត្តទុកដាក់ ក្នុងការចុះពិនិត្យការដ្ឋានជាប់ជាប្រចាំ ហើយឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុនធ្វើការស្ថាបនា និងកសាងសំណង់ខាងលើ ប្រកបដោយគុណភាពខ្ពស់ ស្របទៅតាមបទដ្ឋានបច្ចេកទេស សំដៅធ្វើយ៉ាងណាឱ្យសំណង់ខាងលើមានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរអង្វែង។

ឯកឧត្ដម អ៊ុន ចាន់ដា បានលើកឡើងថា ផ្លូវទាំង៣ខ្សែនេះ ពិតជាមានសារៈសំខាន់ ពីព្រោះថា វាបានតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ របស់ស្រុកកងមាស ដែលអាចនិយាយបានថា ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជំរុញធ្វើឱ្យជីវភាពរស់នៅ ប្រសើរឡើង ទាំងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលទៅរកទីផ្សារផងដែរ ។

ចំពោះគម្រោងស្ថាបនាផ្លូវទាំង ៣ខ្សែនេះ គឺ ៖ ខ្សែទី១ ស្ថិតនៅភូមិអន្លង់អក មានប្រវែងជាង ២ គីឡូម៉ែត្រ ជាប្រភេទ DBST ក្រាលកៅស៊ូ១ជាន់ ចូលទៅភូមិព្រែកគ្រួស ក្នុងឃុំសូគង បានស្ថាបនារួចរាល់ជាស្ថាពរហើយ ។ ដោយឡែកផ្លូវខ្សែទី២ មានប្រវែង ២៧គីឡូម៉ែត្រ ដោយស្ថាបនា ចាប់ពីចំណុចឃុំរាយប៉ាយ ដល់ឃុំព្រែកកុយ និងឃុំស្ដៅ ក្នុងស្រុកកងមាស ផ្លូវមួយខ្សែនេះស្ថាបនាជាផ្លូវបេតុងអាមេប្រវែងជិត ៩គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូជាង ១៨គីឡូម៉ែត្រ ។ បច្ចុប្បន្នគម្រោងផ្លូវនេះ អនុវត្តន៍សម្រេចបាន ៦៥ភាគរយហើយ និងអាចស្ថាបនារួចរាល់ជាស្ថាពរ នៅចុងឆ្នាំ២០២៣នេះ ដោយប្រើប្រាស់ថវិកាឥណទានធនាគារពិភពលោក (W.B.) បដិភាគជាមួយថវិការាជរដ្ឋាភិបាល តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ ។ ដោយឡែកគម្រោងកែលម្អផ្លូវក្រាលកៅស៊ូ២ជាន់ ប្រវែងជាង ១គីឡូម៉ែត្រ ស្ថិតក្នុងឃុំព្រែកកុយ ឆ្លងកាត់ភូមិអន្លង់គគីរ និងភូមិព្រែកកុយ បានស្ថាបនារួចរាល់ជាស្ថាពរនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ៕