ឯកឧត្តម អ៊ី ឈាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជន​ពេញ​សិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋដែល​មានសិទ្ធបោះ​ឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរក្សា​តម្លៃ​នៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបាន​ចូល​រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថ្លែងបែបនេះ ខណៈ ឯកឧត្តម បានបន្តជួបសំណេះសំណាលជាមួយ​សមាជិក-សមាជិកាបក្ស នៅភូមិប៉ាហ៊ីជើង និងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចំនួនជាង ៥០០នាក់ ក្នុង​ថ្ងៃទី០៧ នៃយុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាននាំយកមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខ​ទុក្ខ​របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ បានមានប្រសាសន៍លើកឡើងថា៖ សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែល​កើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសប៉ៃលិនរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្ស​ប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រ​សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត។

លើសពីនេះ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍អំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់ និងមានលេខរៀងទី ១៨ ក្នុងសន្លឹក​ឆ្នោត ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ ក៍បានបង្រៀនសមាជិក សមាជិកាបក្ស អំពីការ​គូស​សន្លឹកឆ្នោតដែលត្រឹមត្រូវ ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជំនះរាល់​ការ​​បោះ​ឆ្នោត​គ្រប់ៗអណត្តិ ៕