អភិបាល​ខេត្ត​ត្បូងឃ្មុំ៖ អាជីពគ្រូពេទ្យ ជាការងារប្រៀបដូចទេវតា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ​សោភណ្ឌ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ មាន​ប្រសាសន៍​​​ថា អាជីព​ធ្វើ​ជា​គ្រូ​ពេទ្យជា​អាជីព​មួយ​ដែល​ប្រៀប​បាន ដូច​ទៅ​ទេវតា ដែល​ចាំ​​ជួយ​មនុស្ស​ឱ្យ​បាន​ជា​សះស្បើយ និង​រួច​ផុត​ពី​ការ​ស្លាប់​បាត់បង់​ជីវិត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ​សោភណ្ឌ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ មាន​ប្រសាសន៍​​​ថា អាជីព​ធ្វើ​ជា​គ្រូ​ពេទ្យជា​អាជីព​មួយ​ដែល​ប្រៀប​បាន ដូច​ទៅ​ទេវតា ដែល​ចាំ​​ជួយ​មនុស្ស​ឱ្យ​បាន​ជា​សះស្បើយ និង​រួច​ផុត​ពី​ការ​ស្លាប់​បាត់បង់​ជីវិត​។​

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​​មួយ​ក្រុម​គ្រូពេទ្យ នា​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៣​នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ​សោភណ្ឌ ​បាន​លើក​ឡើង​ថា អាជីព​ជា​គ្រូ​ពេទ្យជា​ការងារ​មួយ​យ៉ាង​សំខាន់​ ដើម្បី​​បម្រើ​សេវា​ផ្សេង​ៗនិង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​ជំងឺ​ផ្សេង​ៗ។​ លើស​ពី​នេះ​ទៀត វា​ពិត​ជា​ចាំ​បាច់​ណាស់​ដែល​ទាម​ទារ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​បន្ត​ខិតខំ​ស្រាវ​ជ្រាវ​ សិក្សា​រៀន​សូត្រ និង​ធ្វើ​ទំនើប​កម្ម​ជាប់​ជា​ប្រចាំផ្នែក​ចំណេះ​ដឹង, បច្ចេកទេស​ និង​សម្ភារបរិក្ខារ​ សំដៅ​ធ្វើ​យ៉ាង​ណាឱ្យ​ដើរ​ទាន់​រាល់​ការ​វិវឌ្ឍ​ឥត​ឈប់​ឈរ​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​ជួយ​ដល់​ការ​ធានា​បាន​នូវ​ប្រសិទ្ធ​ភាព​ ស័ក្ដិសិទ្ធិក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជា​ដើម។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ​សោភណ្ឌ បានលើកឡើង​បន្ត​ថា ជាក់ស្តែងនៅ​ក្នុង​វិបត្តិ​កូវីដ ១៩ ក្រុម​គ្រូ​ពេទ្យបាន​​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ក្នុង​កិច្ច​ការងារ​សង្គម ចូល​រួម​ប្រយុទ្ធ​ជំងឺ​កូវីដ-១៩ រហូត​ទទួល​បាន​ជោគជ័យ​ដល់​សព្វ​ថ្ងៃ​នេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ​សោភណ្ឌ ​គូស​បញ្ជាក់​បន្ថែម​ថា តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​​រួមគ្នា​នេះ​ហើយ​ ​ញ៉ាំង​ឱ្យ​វិស័យ​សុខាភិបាលអាច​បន្ត​បោះ​ជំហាន​ រីកចម្រើន​ទៅ​មុខ​ប្រកប​ដោយ​គុណភាព​បន្ថែម​ទៀត។

លោក វេជ្ជ​បណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរ​​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំបាន​ឲ្យ​ដឹង​​ថា ​​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ​មាន​គ្រូពេទ្យ​ចំនួន ១៥៥៨ នាក់ មាន​ការិយាល័យ​​ជុំ​វិញ​មន្ទីរចំនួន​៤ ,ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចំនួន ៧ មន្ទីរ​ពេទ្យ​បង្អែក​ចំនួន ៧ (មន្ទីរ​ពេទ្យ​បង្អែក​បំពេញ​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត ៣ ចំនួន១ (មន្ទីរ​ពេទ្យ​​ខេត្ត​បំពាក់​សម្ភារៈ​ទំនើប​ៗ​ មាន​មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា ចិន​ត្បូង​ឃ្មុំ ), មន្ទីរ​ពេទ្យ​​បង្អែក​បំពេញ​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត ២ ចំនួន​៤ (មន្ទីរពេទ្យ​បង្អែក​ព្រះ​នរោត្តសីហនុ​ត្បូងឃ្មុំ, មន្ទីរ​ពេទ្យ​បង្អែក​មេមត់, មន្ទីរ​ពេទ្យ​បង្អែក​ពញាក្រែក,មន្ទីរ​ពេទ្យ​បង្អែក​ក្រូចឆ្មារ) និង​មន្ទីរ​ពេទ្យ​បង្អែក​បំពេញ​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត ១ ចំនួន​ ២ (មន្ទីរពេទ្យ​បង្អែក​ស្រុក​អូររាំងឪ , មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ) និង​មណ្ឌល​សុខភាព​ចំនួន ៧៤ និង​ប៉ុស្តិ៍​សុខភាព​ចំនួន១ ទូទាំង​ខេត្ត​ត្បូងឃ្មុំ៕