ប៉ៃលិន៖ ប្រធានក្រុមការងារថ្នាក់កណ្តាល ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានដឹកនាំសមាជិកសមាជិកាជិត ១០០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមការឱ្យដឹងពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
លោក ប៉ាវ សុខមាន ប្រធានគណកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឲ្យដឹងថា ខេត្តប៉ៃលិន មានគណបក្យនយោបាយចំនួន១០ ដែលបានចុះបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ប៉ុន្តែនៅថ្ងៃទី១ ខែកក្កដា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានធ្វើពិធីដង្ហែរក្បួនឃោសនារកសម្លេងឆ្នោត៕