ខេត្តកោះកុង៖ ថ្ងៃសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច” ។
លោកជំទាវអភិបាលខេត្ត បានជម្រាបជូនអង្គពិធីថា ខេត្តកោះកុង ជាខេត្តដែលមានសក្ដានុពលមួយនាទិសនិរតី ខេត្តកោះកុង គឺជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំងបួន និងស្ថិតនៅប៉ែកនីរតីបំផុតនៃប្រទេសកម្ពុជា ហើយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រ និងប្រទេសថៃ និងខាងជើងជាប់ខេត្តពោធិ៍សាត់។
ខេត្តកោះកុង មានក្រុងចំនួន ១ និងស្រុកចំនួន ៦ ឃុំចំនួន ២៦ និងសង្កាត់ចំនួន ៣ ដែលបានបែងចែកជា ១១៩ ភូមិ និងមានផ្ទៃដីសរុប ១០,០៤៥.៥៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបប្រមាណជាង ១៤៧.៨៣១ នាក់។ សម្រាប់ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១.៧៤៦ ដុល្លារ ក្នុងឆ្នាំ២០២២ ដែលមានការកើនឡើងប្រមាណ ៨១២% បើប្រៀបធៀបទៅចំណូលប្រចាំឆ្នាំ២០១៧ ដែលមានចំនួន ១.៤១៨ ដុល្លារ និងអត្រាភាពក្រីក្រឆ្នាំ២០២១ មានចំនួន ៧៣%ថយចុះ ៦១៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដែលមានចំនួន ១៣,៤៦% ចំពោះទំហំសេដ្ឋកិច្ចខេត្តទាំងមូល មានចំនួនប្រមាណ ២៨២ លានដុល្លារ ស្មើ ១,០៣% នៃសេដ្ឋកិច្ចជាតិ។ ខេត្តកោះកុងជាខេត្តដែលមានសម្បត្តិធម្មជាតិព្រៃឈើ ភ្នំ ដែលមិនអាចចូលទៅដល់ដ៍ធំ ល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ និងឧទ្យានជាតិដ៍ធំបំផុតរបស់កម្ពុជាគឺឧទ្យានជាតិ បទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគិរីរម្យ និងជីវចម្រុះដ៏សំបូរបែប, ឆ្នេរសមុទ្រដ៏វែង ដែលមានប្រវែងសរុប ២១៥ គីឡូម៉ែត្រ ស្មើនឹងជាង ៥០% នៃឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជាទាំងមូល។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសិក្សាក្នុងការអភិវឌ្ឍនៅតំបន់នេះ ឱ្យប្រែក្លាយជា តំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ជាពិសេសខេត្តនេះក៏ជាតំបន់នាំចេញ និងនាំចូលទំនេញរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃផងដែរ។
ជាការពិតណាស់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់គិតគួរដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលស្តែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចដែលជាលទ្ធផល អត្រាប្រាក់ចំណូលប្រចាំឆ្នាំ របស់ប្រជាពលរដ្ឋម្នាក់ៗ នៅខេត្តកោះកុងមានការកើនឡើងជាលំដាប់ ដែលបានរួមចំណែកក្នុងការ កាត់បន្ថយអត្រាភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច មួយប្រកបដោយចីរភាព វាទាមទារឱ្យមាននូវប្រព័ន្ធហិរញ្ញវត្ថុមួយដ៍រឹងមាំ ដូច្នេះរាជរដ្ឋាភិបាលបាន ដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦២០២៥ ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពទៅជា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ជាយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រយៈពេលវែងរួមមាន វិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងនោះវិស័យបរធនបាលកិច្ច និងជាយុទ្ធសាស្ត្រជួយជំរុញកំណើនសេដ្ឋកិច្ច និងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្តកោះកុង នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយសារ តែនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះមកផ្សព្វផ្សាយសិក្ខាសាលាពាក់ព័ន្ធនឹងវិស័យបរធន បាលកិច្ច តាមរយៈសិក្ខាសាលានេះ សិក្ខាកាម សាធារណជន នឹងមានការយល់ដឹងបន្ថែមអំពីវិស័យ បរធនបាលកិច្ច ជាវិស័យមួយថ្មី ដែលក្នុងនោះរួមមានវិធាន លក្ខខណ្ឌ និងនីតិវិធីក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះផងដែរ នាងខ្ញុំសូមលើកទឹកចិត្តដល់សាធារណជន ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅទីនេះជ្រាបថា ប្រតិបត្តិការបរធនបាលកិច្ច នឹងជំរុញការវិនិយោគនៅក្នុង ប្រទេសកម្ពុជា តាមរយៈការកសាងទំនុកចិត្តវិនិយោគិនឱ្យវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេស វិនិយោគិនពីបរទេសដែលពាក់ព័ន្ធនឹងការប្រគល់ទ្រព្យសម្បត្តិរបស់វិនិយោគិន ដែលជាបរធនបាល ទាយក ទៅឱ្យអ្នកដទៃដែលជាបរធនបាល ដើម្បីគ្រប់គ្រង ចាត់ចែង និងថែរក្សាបរធន ដើម្បីជាប្រយោជន៍ដល់អត្ថគាហកៈ (អ្នកទទួលផល)។ ដូចនេះ ដើម្បីឱ្យមានអនុលោមភាពត្រឹមត្រូវតាមច្បាប់ បរធនបាលកិច្ចត្រូវបង្កើត និងចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច និងត្រូវមានធាតុចូលសំខាន់ៗ ចំនួន ៣ រួមមាន៖
ទី១/បរធនបាលទាយកត្រូវស្នើសូមការអនុញ្ញាតបង្កើតបរធនបាលកិច្ចជាមុនពី ន.ប.ធ.
ទី២/បរធនបាលទាយក ត្រូវតែងតាំងបរធនបាលនៃបរធនបាលកិច្ច ដែលត្រូវតែជាបុគ្គល ទទួលបានអាជ្ញាបណ្ណពី ន.ប.ឆ.
ទី៣/ជាចុងក្រោយ បរធនបាលត្រូវដាក់ពាក្យស្នើសូមចុះបញ្ជីបរធនបាលកិច្ច ដើម្បីទទួលបាន ការអនុញ្ញាតពី ន.ប.ធ. ផងដែរ។
នាងខ្ញុំសង្ឃឹមថា សិក្ខាកាម និងសាធារណជនទាំង អស់ដែលមានវត្តមាននៅទីនេះ នឹងខិតខំទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេស លើវិស័យបរធនបាលកិច្ចមួយនេះ ដែលត្រូវបានមើលឃើញដោយអ្នកជំនាញការ និងវិនិយោគិន ជំនាញ ថាជាយន្តការមួយនេះអាចចូលរួមចំណែកអភិវឌ្ឍនៅខេត្តកោះកុង ក្នុងកម្រិតពាក់ព័ន្ធណាមួយ។ សារជាថ្មី ក្នុងនាមនាងខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ ដែលបានឆ្លៀតពេលដ៍មានតម្លៃចុះមកផ្សព្វផ្សាយ និងទទួលការផ្សព្វផ្សាយអំពី “ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច” ដ៏មានសារៈសំខាន់នេះ ៕