នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០ព្រឹកនៅវិមានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិក សមាជិកាព្រឹទ្ធសភាចូលរួមចំនូន៥៩រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈ៖
១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាលអនុភាព៧០មេហ្គាវ៉ាត់ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អនុភាព១០០មេហ្គាវ៉ាត់ ខេត្តកោះកុង។
៣.ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រឯ.ក សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។
៤.ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់។
៥.ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង។
៦.ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង។
៧.ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្ទឹង មេទឹក ហាយដ្រូផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព១៥០មេហ្គាវ៉ាត់ ខេត្តកោះកុង។
តំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតរួមមាន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ក្រសួងយុត្តិធម៍ និងក្រសួងមហាផ្ទៃ ចំនួន៨រូប។
តំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់នៅក្នុងរបៀបវារៈ
ទី២,៣,៤,៥,៦ និងទី៧រួមមាន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលអមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពលចំនួន១៩រូប។ សេចក្តីព្រាងច្បាប់នៅក្នុងរបៀបវារៈទី១ ត្រូវបានឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីពា្រងច្បាប់។ ចំពោះសេចក្តីព្រាងច្បាប់នៅក្នុងរបៀបវារៈទី២,៣,៤,៥,៦ និងទី៧ ត្រូវបាន ឯកឧត្តម ជា ជេដ្ឋ ប្រធាន
គណៈកម្មការទី២ព្រឹទ្ធសភាឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីពា្រងច្បាប់។
បន្ទាប់ពីសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណូមពរ និងសំណួរសុំការបំភ្លឺមក ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលបានឡើងបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តយល់ព្រមដោយឥតកែប្រែលើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងច្បាប់ទាំង៧ខាងលើក្នុងចំនួន៥៩សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល…។
មុនបញ្ចប់សម្តេចប្រធានបានប្រកាសជូនអង្គប្រជុំជ្រាបៈ ដោយសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤ បានចាប់ផ្តើមតាំងពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ គិតមកដល់ពេលនេះមានរយៈពេលលើសបីខែហេតុនេះអនុលោមតាមមាត្រា១០៧ថ្មី នៃ រដ្ឋធម្មនុញ្ញ សម្តេចប្រធានសូមប្រកាសបិទសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា ចាប់ពីពេលនេះតទៅ ហើយក្នុងពេលចន្លោះសម័យប្រជុំនេះ សូមសមាជិកព្រឹទ្ធសភា ក៏ដូចជាសមាជិកគណៈកម្មការនានា ត្រូវបំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងចុះទៅប្រាស្រ័យទាក់ទងជាមូយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីរបស់ខ្លួន…៕