គ.ជ.ប ចេញសេចក្ដីណែនាំ ស្តីពី ការអនុញ្ញាតឲ្យភ្នាក់ងារសន្តិសុខបោះឆ្នោត ចូលទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណនាំ ស្តីពី ការអនុញ្ញាតឲ្យភ្នាក់ងារសន្តិសុខបោះឆ្នោត ចូលទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណនាំ ស្តីពី ការអនុញ្ញាតឲ្យភ្នាក់ងារសន្តិសុខបោះឆ្នោត ចូលទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។

សេចក្ដីណែនាំ បានឲ្យដឹងថា ក្នុងគោលបំណងឲ្យភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលការពារនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត បានទៅបោះឆ្នោតគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតរបស់ខ្លួន និងឆាប់បានមកការពារ តាមគោលដៅរបស់ខ្លួនវិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដូចខាងក្រោម៖

-ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ដែលស្ថិតក្នុងឯកសណ្ឋានតាមប្រភេទនៃកងកម្លាំងនីមួយៗ និងមានពាក់ប្រឡង់ដៃសន្តិសុខបោះឆ្នោត ដែលផ្តល់ដោយ គ.ជ.ប ត្រូវបានអនុញ្ញាតឲ្យចូលបោះឆ្នោត នៅការិយាល័យបោះឆ្នោត ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែមិនអនុញ្ញាតឲ្យយកអាវុធចូលក្នុងការិយាល័យបោះឆ្នោតឡើយ ហើយពេលបោះឆ្នោតរួចត្រូវប្រញាប់ទៅកាន់គោលដៅដែលខ្លួនត្រូវការពារវិញ។

-ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលត្រូវទៅបោះឆ្នោតនៅការិយាល័យឆ្ងាយពីកន្លែងគោលដៅការពារ ត្រូវរើសពេលដែលមិនសូវមានប្រជាពលរដ្ឋមកបោះឆ្នោត ដោយត្រូវប្តូរវេនគ្នាចេញទៅបោះឆ្នោត ហើយមិនត្រូវទុកគោលដៅការពារគ្មានភ្នាក់ងារសន្តិសុខបោះឆ្នោតទេ។

-ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ត្រូវជួយសម្របសម្រួលឲ្យភ្នាក់ងារសន្តិសុខបោះឆ្នោត ចូលទៅបោះឆ្នោតឲ្យបានលឿន ដើម្បីឆាប់បានវិលមកកាន់គោលដៅ ដែលត្រូវការពារវិញ៕