លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ចំនួន ២៨៨នាក់

ថ្ងៃអាទិត្យ ៨ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៦ (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៣) និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ចំនួន ២៨៨នាក់មកពីស្រុកស្រែអំបិល ចំនួន ១៦៣នាក់ ស្រុកបូទុមសាគរ ៥១នាក់ ស្រុកគីរីសាគរ ១៩នាក់ និងស្រុកកោះកុង ចំនួន ៣៥នាក់ និងឃុំជីផាត នៃស្រុកថ្មបាំង ចំនួន ២០នាក់ រួមមានមេដាយមាសចំនួន ៥៣គ្រឿង និងមេដាយប្រាក់ចំនួន ២៣៥គ្រឿង

ខេត្តកោះកុង៖ ថ្ងៃអាទិត្យ ៨ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៦ (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៣) និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ចំនួន ២៨៨នាក់មកពីស្រុកស្រែអំបិល ចំនួន ១៦៣នាក់ ស្រុកបូទុមសាគរ ៥១នាក់ ស្រុកគីរីសាគរ ១៩នាក់ និងស្រុកកោះកុង ចំនួន ៣៥នាក់ និងឃុំជីផាត នៃស្រុកថ្មបាំង ចំនួន ២០នាក់ រួមមានមេដាយមាសចំនួន ៥៣គ្រឿង និងមេដាយប្រាក់ចំនួន ២៣៥គ្រឿង។

ក្រោយលោកជំទាវអភិបាលខេត្ត បានអានសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ជូនអង្គពិធីទាំងមូល។ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ នាងខ្ញុំសូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះ សមាជិក សមាជិកា នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ដែលបានសហការគ្នា រៀបចំពិធីនេះបានយ៉ាងល្អប្រសើរជារៀងរាល់ឆ្នាំ។

មុននឹងបញ្ចប់ នាងខ្ញុំសូមយកឱកាសនេះ ស្នើដល់លោកអ៊ំ លោកពូ លោកមីង ទាំងអស់ ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការសុខាភិបាលនានា របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រោះថាជំងឺកូវីដ-១៩នេះ មិនទាន់រលត់បាត់ទាំងស្រុងនោះទេ។ ជាមួយគ្នានេះ នាងខ្ញុំក៏សូមស្នើដល់អាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ ជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់បន្តចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ (ដុសជំរុញ)ឱ្យបានគ្រប់ៗគ្នា និងសូមលើកទឹកចិត្ត ដល់លោកអ៊ំ លោកពូ លោកមីង បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត និងសូមជួយជំរុញដល់បងប្អូន កូនចៅ សាច់ញាតិទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាទីបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះ លោកឧត្តមសេនីយ៍ទោ សុខ សុវត្ថិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណៈកម្មាធិការ សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង អស់លោកអនុប្រធាន លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង និងលោកអ៊ំ លោកពូ អ្នកមីង ទាំងអស់ ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុងពិធី នៃទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៦ (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៣) និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកោះកុង នាពេលនេះ និងសូមគោរពជូនពរ ឯកឧត្តម លោក លោកស្រី គណៈ អធិបតី លោកអ៊ំ លោកពូ លោកមីង សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះនូវ ព្រះពុទ្ធពរ ទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕