អភិបាលខេត្តកំពត ចុះពិនិត្យគម្រោងការដ្ឋានសាងសង់ផ្លូវបេតុង

កំពត៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដល់ ការដ្ឋានគម្រោងកសាងផ្លូវបេតុងសរសៃដែកមួយខ្សែ ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។

ឯកឧត្តម ជាវ តាយ ណែនាំដល់ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ក្នុងដំណើរការសាងសង់ឲ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញអនុវត្តឲ្យបាន ឆាប់ចប់ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ខាងមុខ។

អភិបាលខេត្ត ក្រើនរំឮកដល់ចៅសង្កាត់ និងអភិបាលក្រុងកំពត ក្រៅពីការស្ថាបនាផ្លូវមួយខ្សែ ហើយត្រូវសិក្សាលើគម្រោង ផ្លូវនានាថែមទៀត ពិសេសត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឲ្យមានលក្ខណៈល្អ ប្រសើរឡើងថែមទៀត។

ផ្លូវមួយខ្សែ គឺជាផ្លូវលេខ៧០១ បំបែកចេញពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅផ្លូវបេតុង ជាយខាងជើងក្រុងកំពត ស្របនឹងផ្លូវរថភ្លើង មានប្រវែងប្រមាណជាង ៩០០ម៉ែត្រ ទទឹងមានទំហំ១២ម៉ែត្រ មានកំរាស់២តឹក មានលូអមសងខាងទំហំមាត់កាត់៨តឹក ជា គម្រោងថវិការបស់រដ្ឋបាលខេត្ត អនុវត្តគម្រោងដោយកងវិស្វកម្ម។

Leave a Reply