សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ពីការទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺដើម្បីឲ្យពិភពលោកស្គាល់កម្ពុជា ប៉ុន្តែមិនមែនដើម្បីរកលុយនោះទេ។
ក្នុងពិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជា នាល្ងាចថ្ងៃទី៣ ខែមេសានេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«នៅក្នុងឱកាសនេះ ខ្ញុំក៏ឆ្លៀតបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលចូលមើលស៊ីហ្គេម ទាំងពេលបើក និងពេលបិទ មិនត្រូវទទួលការបង់ថ្លៃណាមួយនោះទេ ក៏ប៉ុន្តែយើងត្រូវតែរៀបចំសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវ។ សំបុត្រត្រូវតែមាន ប៉ុន្តែសំបុត្រនោះមិនត្រូវបង់ថ្លៃទេ។ ទាំងភ្ញៀវជាតិ និងអន្តរជាតិ យើងមិនលក់ដោយតម្លៃណាមួយនោះទេ»។
«ហេតុផលអ្វីបានជាត្រូវមានសំបុត្រ? យើងត្រូវដឹងថា សាលស្តាតក្នុងពិធីបើក និងពិធីបិទ មានទំហំធំណាស់។ ប្រសិនបើប្រជាជនចូលទៅទស្សនា មិនបានដឹងពីទីតាំងកន្លែងដែលខ្លួនត្រូវអង្គុយនៅទីណា កៅអីលេខប៉ុន្មាន នៅតំបន់ណា ត្រូវចូលតាមច្រកទ្វារណា? វានឹងបង្កើតនូវស្ថានភាពដ៏គ្រោះថ្នាក់ ព្រោះមនុស្សទាំងអស់គឺទៅកាន់ទីកន្លែងតែមួយ ដូច្នេះមិនបានបែងចែងឲ្យបានត្រឹមត្រូវចំពោះតំបន់ដែលខ្លួនអង្គុយ រហូតទៅដល់ដណ្តើមកៅអីគ្នាជាដើម។ នេះមិនមែនជារឿងល្អទេ»។ សម្តេចតេជោបានបញ្ជាក់។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ៖«យើងមិនមែនត្រូវការប្រាក់កាក់ដែលចេញមកពីការប្រមូលនៃការលក់សំបុត្រ ឬការលក់សិទ្ធិផ្សព្វផ្សាយណាមួយពីកម្ពុជានោះទេ។ តម្រូវការចាំបាច់របស់យើងនៅពេលនេះមិនមែនប្រាក់ដែលបានមកពីការលក់សំបុត្រ ឬលក់សិទ្ធិនៃការផ្សព្វផ្សាយទេ។ តម្រូវការរបស់យើងគឺចង់ឲ្យពិភពលោកស្គាល់កម្ពុជាតែម្តង»៕