នាយករដ្ឋមន្ត្រី ណែនាំដល់គ្រប់សាលាទាំងអស់ ចាប់ផ្តើមឲ្យកូនសិស្សគោរពទង់ជាតិ ដោយច្រៀងបទនគររាជផ្ទាល់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យគ្រប់សាលារៀនទាំងអស់ គួរតម្រូវឲ្យសិស្សានុសិស្សគោរពទង់ជាតិ ដោយច្រៀងចម្រៀងបទ«នគររាជ» ដោយផ្ទាល់ មិនគួរចាក់ភ្លេងនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យគ្រប់សាលារៀនទាំងអស់ គួរតម្រូវឲ្យសិស្សានុសិស្សគោរពទង់ជាតិ ដោយច្រៀងចម្រៀងបទ«នគររាជ» ដោយផ្ទាល់ មិនគួរចាក់ភ្លេងនោះទេ ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការបារម្ភ របស់សម្តេចនៅពេលចាក់ភ្លេងគោរពទង់ជាតិម្តងៗ ដោយសម្តេចធ្លាប់ជួបប្រទះផ្ទាល់ខ្លួន ក្នុងកម្មវីធីមួយចំនួនដល់ពេលគោរពទង់ជាតិ ចាក់ភ្លេងជាតិបទនគររាជ បែរចេញភ្លេងផ្សេងទៅវិញ ឬក៏ពេលខ្លះការចាក់ភ្លេងមានការរអាក់រអួលជាដើម។

សម្តេចថ្លែងថា បទនគររាជ សម្រាប់គោរពទង់ជាតិ ដែលនិពន្ធដោយសម្តេចព្រះសង្ឃរាជ ជួន ណាត មានអត្ថន័យខ្លាំងណាស់ សម្រាប់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បើសិនជាគ្រប់សាលាទាំងអស់ ចាប់ផ្តើមឲ្យកូនសិស្សគោរពទង់ជាតិ រួចហើយគឺឲ្យច្រៀងផ្ទាល់ [បទនគររាជ] ទាហានប្រជុំជួរក៏ត្រូវឲ្យធ្វើដូចគ្នា ដើម្បីយើងលំហាត់ឡើងវិញ នេះគឺជារឿងដែលយើងគួរធ្វើ ហើយចម្រៀងរបស់យើង មានអត្ថន័យខ្លាំងណាស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គតាក់តែង» ៕