សម្តេចវិបុលសេនាភក្តី សាយ ឈុំ គាំទ្រចំពោះគោលបំណងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ចង់អញ្ជើញទៅទស្សនកិច្ច និងជួបប្រាស្រ័យជាមួយប្រជាជនកម្ពុជា នៅតាមបណ្តាខេត្តនានា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។


សម្តេចបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានវិវត្តពីកម្រិត “ដៃគូយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣នេះ ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជាប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា-ជប៉ុន និងការដំឡើងកម្រិតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនទៅជា ”ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។ សម្តេចបានប្រសិទ្ធពរឱ្យចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរស្ថិតស្ថេរចីរកាល។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញ បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទសមួយមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងមានវប្បធម៌ដ៏សម្បូបែប មានប្រាសាទអង្គរវត្ត ជាបេតិកភ័ណ្ឌពិភពលោក។


ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ ជប៉ុន-កម្ពុជាបានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការជឿទុកចិត្តគ្នា តាមរយៈដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។ ឆ្នាំ២០២៣នេះ ប្រទេសទំាងពីរប្រារព្ធខួបអនុស្សាវរីយលើកទី៧០នៃទំនាក់ទំនងការទូត ដោយបានដំឡើងពីកម្រិតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ពីកម្រិត ដៃគូរយុទ្ធសាស្រ្ត ទៅជា ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣។

Leave a Reply