(វិមានព្រឹទ្ធសភា)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម… ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមព្រឹទ្ធសភា និងក្នុងសម្តេចផ្ទាល់ បានសម្តែងការស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត នៃប្រទេសយើងទាំងពីរ ដែលបានវិវត្តកម្រិត “ដៃគូរយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣នេះ ស្របពេលនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ (ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣) នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។
ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព មានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសជប៉ុន បានកសាងទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក តាមរយៈដំណើរការស្វែងរកសន្តិភាព ដំណើរការកសាងប្រទេសឡើងវិញក៏ដោយ ហើយខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលប្រទេសយើងទាំងពីរ បានតំឡើងកម្រតិ ពីដៃគូរយុទ្ធសាស្រ្ត ទៅជាកម្រិត ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅកម្ពុជា។









