ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នឹងដាក់ពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីធ្វើការជាមួយប្រជាកសិករ បើគណបក្ស ឈានទៅឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។
គោលនយោបាយនេះ ត្រូវបានដាក់ចេញក្នុងមហាសន្និបាតវិសាមញ្ញ របស់បក្សពីរថ្ងៃកន្លងទៅ។ នេះ គឺជាគោលនយោបាយដ៏ថ្មីសន្លាងមួយ របស់បក្ស ហើយគោលនយោបាយនេះធ្វើឡើង ដើម្បីលើកកម្ពស់វិស័យ កសិកម្ម។
អ្នកនាំពាក្យគណបក្សប្រជាជន ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា គោលនយោបាយ ៥ឆ្នាំទៅមុខរបស់គណបក្សប្រជាជន គឺនឹងធ្វើការបែងចែកជាភូមិសាស្ត្រកសិកម្មដែលមានន័យថានឹងផ្ដោតលើសក្ដានុពលតំបន់ដាក់អភិវឌ្ឍន៍វិស័យកសិកម្មនៅទីនោះតែម្ដង។
ឯកឧត្តមបន្ថែមថា អ្នកជំនាញកសិកម្មនឹងត្រូវបញ្ជូនទៅកាន់តំបន់ទាំងនោះតាមជំនាញរបស់ពួកគេដែលនឹងធ្វើឲ្យតម្រូវការអ្នកមានជំនាញកសិកម្មច្រើននៅ ៥ឆ្នាំខាងមុខ។ លោកបញ្ជាក់ថា៖ «ធនធានមនុស្សទាំងអស់នឹងត្រូវប្រើប្រាស់តាមជំនាញ»។
ជាមួយនឹងការបែងចែកភូមិសាស្ត្រកសិកម្មអ្នកនាំពាក្យ ឯកឧត្តម សុខ ឥសាន្ត ក៏បញ្ជាក់ថា ទីផ្សាររបស់កសិករនឹងត្រូវបានធានាផងដែរតាមរយៈការទម្លាក់លុយរាប់លានដុល្លារទប់ទល់ទៅនឹងការធ្លាក់ថ្លៃកសិផល និងបង្កើតសមាគមកសិកម្មកសិករដើម្បីការពារប្រយោជន៍របស់កសិករផងដែរ៕