នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំយុវជនចំនួន៣០០នាក់ មកទស្សនកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនស្ដីពីសារសំខាន់នៃការសិក្សាស្ដីអំពី «សារសំខាន់នៃការសិក្សាប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់កោះថ្មអិច ១៦( x-16) ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជាកិច្ចចាប់ផ្តើមលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាបានអញ្ជើញ ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ព្រមទាំងយុវជនកាយរិទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមយុវជនចូលទស្សនាពិព័រណ៍រូបថតនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយចាប់ផ្តើមចេញពីតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភ័ស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បណ្តុំរូបគំនូរដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្មទៅតំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។
បន្ទាប់ពីបានទស្សនាពិព័រណ៍រូបភាពនៅមជ្ឈមណ្ឌលឯកសារកោះថ្មរួចមក គណៈប្រតិភូ និងយុវជនបានបន្តដំណើរទៅកាន់តំបន់កោះថ្ម X-16 ដើម្បីរៀបចំវេទិកាថ្នាក់រៀននៅអគារមិត្តភាព។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍អំពីការតស៊ូរបស់សម្តេតេជោ ហ៊ុនសែន ជាការប្តូរសាច់ស្រស់ឈាមស្រស់ ដើម្បីទទួលបានសុខសន្តិភាព និងស្ថិរភាព។ នៅក្នុងភាពជាអ្នកដឹកនាំល្អ អ្នកដឹកនាំត្រូវមានតួនាទីដើរមុនគេជានិច្ច រៀបចំផែនការជាមុនដើម្បីឲ្យការងារមានភាពប្រសើរ។ ជាពិសេសអ្នកដឹកនាំល្អត្រូវតែគោរពតួនាទីជានិច្ច ត្រូវហ៊ានលះបង់ជាធំ។
ជាកិច្ចបន្តលោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ដល់យុវជនមានដូចខាងក្រោម ៖
• វាស់ស្ទង់ចំណេះដឹងមុនវេទិកាចាប់ផ្តើម ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ។
• ចែកចាយទស្សនាវដ្តីស្វែងរកការពិតដល់យុវជនទាំងអស់។
• បទបង្ហាញ និងពន្យល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)៖ គោលនយោបាយ៨ចំណុចរបស់របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)។
លោក ផេង ពង្សរ៉ាស៊ី បានពន្យល់សិស្សានុសិស្សថា នៅដំណាក់កាលដំបូងយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ និងចាប់ផ្តើមជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងប្រមាណ២លាននាក់ក្រោមមូលហេតុផ្សេងៗ ដូចជា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់បែកលើទីក្រុង ប្រជាជនចេញទៅយកស្បៀងអាហារនៅទីជនបទ និងបំបែកចារកិច្ចរបស់ខ្មាំងជាដើម។ ការជម្លៀសដោយបង្ខំនេះបានបណ្តាលឲ្យប្រជាជនរាប់ពាន់នាក់ ជាពិសេសកុមារ មនុស្សចាស់ជរា និងអ្នកជំងឺបានស្លាប់នៅតាមផ្លូវ។ ស្រ្តីមានផ្ទៃពោះជាច្រើនបានស្លាប់នៅពេលសម្រាលកូនដោយសារគ្មានថ្នាំសង្កូវ ឬសេវាសុខាភិបាល។ ក្មេងៗបានវង្វេងបាត់ពីឪពុកម្តាយ។ ប្រជាជនភាគច្រើនមិនដឹងថា តើនឹងមានអ្វីកំពុងតែកើតឡើង ទេ។ លោក ផេង ពង្សរ៉ាស៊ី បានបន្តថាការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី២ គឺខ្មែរក្រហមបានជម្លៀសប្រជាជននៅភូមិភាគបូព៌ា រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គ (បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ) ទៅកាន់ភូមិភាគពាយ័ព្យ និងភូមិភាគកណ្តាលបន្ទាប់ពីខ្មែរក្រហមបានចោទប្រកាន់មេដឹកនាំ និងកម្មាភិបាលនៅភូមិភាគបូព៌ាក្បត់ដោយបានចូលរួមជាមួយប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។ ការជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ និងភូមិភាគកណ្តាលនេះបានបណ្តាលឲ្យប្រជាជនភូមិភាគបូព៌ាជាច្រើន បានស្លាប់ដោយសារការយកទៅសម្លាប់ ដោយសារជំងឺ និងអត់អាហារ។ ទី២) ការលុបបំបាត់លុយ និងផ្សារ។ ទី៣) ការលុបបំបាត់ទ្រព្យសម្បត្តិឯកជន។ ទី៤) ការលុបបំបាត់ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបំផ្លាញសាលារៀន វត្តអារាម និងកន្លែងលក់ដូរផ្សេងៗ។ ទី៥) ខ្មែរក្រហមបានបង្កើតសហករណ៍ និងការដ្ឋានការងារដែលតម្រូវឲ្យប្រជាជនទាំងអស់ធ្វើស្រែចម្ការ និងលើកទំនប់ធំៗ។ ទី៦) ខ្មែរក្រហមបានសម្លាប់អ្នកចេះដឹង អតីតទាហាន លន់ នល់ និងជនជាតិចាម វៀតណាម និង ចិន។ ទី៧) ខ្មែរក្រហមបានបង្កើតមន្ទីរឃុំឃាំងជិត២០០កន្លែង ដើម្បីឃុំឃាំងប្រជាជនដែលខ្លួនចោទថាក្បត់ ហើយប្រជាជនទាំងនោះភាគច្រើនត្រូវបានសម្លាប់យ៉ាងសាហាវ។ ទី៨) ខ្មែរក្រហមបានបង្កសង្រ្គាមជាមួយវៀតណាមនៅតាមព្រំដែនរហូតដល់ថ្ងៃដួលរលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែកមរា ឆ្នាំ១៩៧៩។
• បញ្ចាំងខ្សែភាពយន្តឯកសារចំនួនពីរ ទី១) ភាពយន្តឯកសារអំពីដំណើរឆ្ពោះទៅសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងទី២) ខ្សែភាពយន្តឯកសារអំពីមរតក ២ឆ្នូ។
• បទបង្ហាញ និងពន្យល់អំពីនិយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ក្នុងកម្រិតបុគ្គល គ្រួសារ ឬសហគមន៍ និងប្រទេសជាតិ ។
• វាស់ស្ទង់ចំណេះដឹងសិស្សក្រោយវេទិកាបញ្ចប់ ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ។






























