ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន រយៈពេល ១១ ខែឆ្នាំ ២០២២ មានទឹកប្រាក់ជាង ១០,៥ ពាន់លានដុល្លារ កើនជាង ៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយក្នុងនោះទឹកប្រាក់ដែលកម្ពុជានាំទំនិញមកពីប្រទេសចិនមានជិត ៩០ ភាគរយនៃទឹកប្រាក់សរុប។ ទឹកប្រាក់នៃការនាំចូលរបស់ចិន បានកើនឡើង ៣,២៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មប្រទេសទាំង ២ មាន ១០ ៥៧៩,១៩៦លានដុល្លារ កើនឡើង ៦,៣ ភាគរយពីចំនួន ៩ ៩៥១,៧៣៤ លានដុល្លារនារយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ក្នុងចំណោមប្រាក់ខាងលើ គឺការនាំទំនិញពីប្រទេសចិនមកកម្ពុជា មាន ៨ ៣៦០,២៩ លានដុល្លារ កើន ១០,៤ភាគរយពី ៨ ៥៨០,៩៤ លានដុល្លារ និងការនាំទំនិញពីកម្ពុជាទៅចិន មានទឹកប្រាក់ ១១០៩,៤៥៣ លានដុល្លារ ធ្លាក់ចុះ ១៩,១ ភាគរយ ពីចំនួន ១៣៧០,៧៩៥ លានដុល្លារ។