ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានរកចំណូលបានជាង ១០០ លានដុល្លារអាមេរិក ពីពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ ២០២២ ស្មើនឹង ១២៣% នៃផែនការ ឆ្លុះបញ្ចាំងអំពីការប្រសិទ្ធភាពនៃការធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កភាពងាយស្រួលដល់អ្នកបង់ពន្ធ។ នេះបើយោងតាមការថ្លែងអះអាងរបស់ ឯកឧត្តម គង់ វិបុល អគ្គនាយក GDT។
ឯកឧត្តម គង់ វិបុល បានថ្លែងបែបនេះក្នុងកម្មវិធីវិបស្សនាស្តីពី «វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ» សម្រាប់បណ្តាសហគ្រាស ឬសាធារណជន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើង ហើយនៅក្នុងឆ្នាំនេះ ដោយសម្រេចបាន១២៣ភាគរយ នៃផែនការស្មើប្រហែលជាង ១០០លានដុល្លារ។
ឯកឧត្តម គង់ វិបុល បានឲ្យដឹងថា៖« ចំណូលពន្ធមធ្យោបាយនេះមានការកើនឡើង និងប្រមូលបានលើសផែនការ ដោយសារវិធានការប្រមូល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសអគ្គនាយកដ្ឋាន បានបង្កើតនូវកម្មវិធី GDT Taxpayer App សម្រាប់បង់ពន្ធ»។