១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ ខណៈតាមការប៉ាន់ស្មាន អាចកើនដល់ ១១លាននាក់ នៅក្នុងឆ្នាំនេះ

ក្នុងរយៈពេល១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ ដែលបានដើរកម្សាន្តក្នុងទូទាំងប្រទេស។ តាមការប៉ាន់ស្មាន អាចមានទេសចរផ្ទៃក្នុងជិត១១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍

(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ ដែលបានដើរកម្សាន្តក្នុងទូទាំងប្រទេស។ តាមការប៉ាន់ស្មាន អាចមានទេសចរផ្ទៃក្នុងជិត១១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ។

ដោយឡែកចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួល​បានភ្ញៀវ​សរុប ៥​៥៤​,០៦២នាក់ ក្នុងនោះភ្ញៀវជាតិ ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៨,៦៥៣នាក់។ តួលេខនេះមាន​កំណើន ៤៩.៩៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះខេត្តកំពង់ឆ្នាំង ភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពង់ឆ្នាំង ២០៩,៦៨០នាក់, ខេត្តព្រះសីហនុ ១៤៦,៤៣៩នាក់, ខេត្តសៀមរាប ៤៥,៥៥៦នាក់, រាជធានីភ្នំពេញ ២៩,០៨៧នាក់, ខេត្តកំពត ២២,២៤២នាក់, ខេត្តបាត់ដំបង ១៥,៣១៥នាក់, ខេត្តកែប ១៥,១៨៣នាក់ខេត្តកំពង់ចាម ១១,៥១៣នាក់

ចំពោះមូលហេតុដែលខេត្តកំពង់ឆ្នាំងមាន ភ្ញៀវច្រើនជាងគេនាសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិពណ៌និងបាញ់​កាំ​ជ្រួច កាលពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ ដោយបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណ២០​ម៉ឺននាក់​ឱ្យមកកម្សាន្តផងដែរ ខណៈដែលខេត្តព្រះសីហនុនៅតែបន្តទទួលបានភ្ញៀវទេសចរច្រើនជាង១៤ម៉ឺននាក់ នាសប្តាហ៍កន្លងមក។

ដោយឡែក ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធី​រត់ប្រណាំង​ពាក់​​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ (Angkor International Half Marathon) លើក​ទី២៧​ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ​២០២២ ដោយមាន​អ្នកចូលរួម​ជិត៨​ពាន់​នាក់ ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត២០០០នាក់ មកពី​៦៩ប្រទេស។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័ន​ពាក់ព័ន្ធបាន​កំពុង​ត្រៀម​រៀប​ចំពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី៩-១១ ខែធ្នូ អមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្រ​ដែលស្អាតបំផុត​លើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះផងដែរ៕

Leave a Reply