សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូននាយករដ្ឋមន្ត្រីចិន ចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានាធិបតីចិន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានផ្ញើសារលិខិតជូននាយករដ្ឋមន្ត្រីចិន ចូលរួមរំលែកទុក្ខ ដល់គ្រួសារចំពោះមរណភាព របស់អតីតប្រធានាធិបតីចិន លោក ជាំង ជីមីន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានផ្ញើសារលិខិតជូននាយករដ្ឋមន្ត្រីចិន ចូលរួមរំលែកទុក្ខ ដល់គ្រួសារចំពោះមរណភាព របស់អតីតប្រធានាធិបតីចិន លោក ជាំង ជីមីន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្នុងលិខិតចូលរួមរំលែកទុក្ខនោះ សម្តេចតេជោ បានបង្ហាញសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ក្រោយពីទទួលដំណឹងមរណភាពរបស់អតីតប្រធានាធិបតីចិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មរណភាពរបស់លោក ជាំង ជីមីន គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់ចិន ដែលបានលះបង់ ពេលវេលាពេញមួយជីវិតរបស់លោក ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។ ពោល ក្នុងអណត្តិដឹកនាំរបស់លោក បានធ្វើឱ្យប្រទេសចិន មានការលូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ទទួលបានអធិបតេយ្យភាពហុងកុងត្រឡប់មកវិញ ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ កីឡាអូឡាំពិកឆ្នាំ២០០៨ នៅទីក្រុងប៉េកាំង និងបានក្លាយជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកជាផ្លូវការ ។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា៖ «ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តមអតីតប្រធានាធិបតី មិនត្រឹមតែផ្ដល់ជាគំរូវីវៈភាពដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគោរពស្រឡាញ់ពីប្រជាជន ក្នុងបណ្ដាប្រទេសនានា នៅលើពិភពលោកផងដែរ»។

សម្រាប់សម្តេចផ្ទាល់ លោក ជាំង ជីមីន គឺជាមិត្តដ៏ល្អរបស់កម្ពុជាផងដែរ។ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នាឆ្នាំ២០០០ របស់អតីតប្រធានាធិបតី បានផ្ដល់សារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ៕ 

Leave a Reply