សម្តេចតេជោ ហ៊ុន សែន តេស្តរកឃើញវិជ្ជមានកូវីដ១៩ សម្រេចដឹកនាំគណៈប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចនេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះតាមរយៈ Facebook ផ្លូវការបានបញ្ជាក់ពីការតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះតាមរយៈ Facebook ផ្លូវការបានបញ្ជាក់ពីការតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។

សម្តេចតេជោបញ្ជាក់ថា បើទោះជាពេទ្យឥណ្ឌូនេស៉ី បញ្ជាក់ថាសម្តេចវិជ្ជមានកូវីដ១៩ ក្តីក៏អាការៈសម្តេចមិនមានអ្វីចម្លែកឡើយ។

សម្តេចតេជោ ហ៊ុន សែន ដើម្បីសុវត្ថិភាពប្រតិភូ សម្តេចបានសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញទាំងអស់ ហើយសម្រាប់ឯតំណាងប្រទេសអាស៊ាន កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៉ីជាតំណាងតែម្តង។

សម្តេចតេជោបង្ហាញការសោកស្តាយ ដែលអាក់ខាន ក្នុងជំនួបដែលបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃ នាពេលប្រជុំ APEC។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ ! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ១៩។ មុនចេញពីកម្ពុជា ខ្ញុំធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនពេលចេញដំណើរមក ខ្ញុំធ្វើរហ័សមុនឡើងយន្តហោះ តែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថា មេរោគនេះមកនៅជាមួយខ្លួនខ្ញុំ ចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេស៉ីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។

ជាសំណាងមួយដែលយប់មិញដោយសារមកដល់យឺត ខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំង។

ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូ ដែលចូលរួមប្រជុំ ខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៉ីជាតំណាងតែម្តង។

អ្វីដែលអាក់ខាន គឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃ នាពេលប្រជុំ APEC។ ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះ ជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែង តែការទទួលភ្ញៀវ»៕

Leave a Reply