សម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម…

រសៀលថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:៤០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅវិមានព្រឹទ្ធសភា

(វិមានព្រឹទ្ធសភា)៖ រសៀលថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:៤០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅវិមានព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលមកបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ក្នុងឱកាសនេះពិតជាបានរួមចំណែកដល់ការពង្រឹង និងពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ រវាងសភា និងប្រទេសយើងទាំងពីរ ជាពិសេសគឺការពង្រឹង ពង្រីក ទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ អោយកាន់តែរឹងមាំថែមទៀត។ ដើម្បីជាគុណប្រយោជន៍ ដ៏ធំធេង សម្រាប់ប្រជាជន នៃប្រទេសយើងទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត សម្តេចប្រធានព្រឹទ្ធសភា បានបន្តអបអរសាទរ ខួបលើកទី៥៥ នៃថ្ងៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។

ថ្នាក់ដឹកនាំទាំងពីរ យល់ស្របគ្នាថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព នៃប្រទេសយើងទាំងពីរ គឺជាទ្រពសម្បត្តិដ៏មានតម្លៃបំផុត ដែលចាំបាច់ត្រូវថែរក្សា បានគត់មុត ដើម្បីបានជាប្រយោជន៍ដល់ប្រជាជនយើង នាពេលបច្ចប្បន្ន និងក៏ដូចជាកូនចៅយើង នាពេលអនាគតផងដែរ។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជាមួយគ្នា ទោះបីស្ថានភាពតំបន់ និងអន្តរជាតិ មានការវិវត្តន៍ប្រែប្រួល យ៉ាងឆាប់រហ័ស ស្មុគស្មាញក៏ដោយ ក៏ពុំមានកម្លាំងណាអាចបំបែកបំបាក់សាមគ្គីភាព មិត្តភាព ប្រទេសទាំងពីរ យើងបានឡើយ ទាំងពេលបច្ចុប្បន្ន និងពេលអនាគតផងដែរ។  កម្ពុជា ចាត់ទុកវៀតណាម ជាអ្នកជិតខាងល្អ បងប្អូនល្អ និងជាដៃគូល្អ ផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងសេចក្តីរីករាយ ដែលបានឃើញច្បាស់អំពីការរីកចម្រើនឥតឈប់ឈររបស់វៀតណាម ជាពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ រហូតដល់៨,៨ភាគរយ។

 នៅក្នុងឆ្នាំ២០២២នេះ សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា  វៀតណាម នឹងសម្រេចបាន គោលដៅក្លាយ​ជាប្រទេស ដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៤៥ផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តអោយរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរជំរុញលើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនកម្ពុជា-វៀតណាម អោយបានឆាប់ទៅតាមលទ្ធភាព អាចធ្វើទៅបាន។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី វៀតណាម ដែលតែងតែបង្ហាញថា គាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា និងតែងតែចូលរួមជាមួយកម្ពុជា លើកកម្ពស់បក្សពួកភាគីនិយម កសាងសន្តិភាព និងស្ថេរភាព ក្នុងតំបន់ដែលពិតជា មានសារៈសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសយើងទាំងពីរ និងប្រទេសទូទាំងអាស៊ានទាំងអស់ ផងដែរ។

Leave a Reply