តាមរយៈសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាចំនួន៥រួមមាន៖ គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា បានថ្កោលទោសលោក សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ។
គណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំង៥ថា លោកសម រង្ស៉ី នៅតែបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរទូទាំងនគរ ដោយលោកសម រង្ស៉ី ចោទប្រកាន់ថា «ព្រះមហាក្សត្រជាជនក្បត់ជាតិ» និងអំពាវនាវដល់អ្នកនយោបាយគ្រប់ជំនាន់ ឱ្យចេះគោរពច្បាប់ គោរពផលប្រយោជន៍ជាតិ។
តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ បានគូសបញ្ជាក់ថា «គណបក្សចំនួន៥ យល់ឃើញថាការកាត់ទោសទណ្ឌិត សម រង្ស៉ី នាពេលថ្មីៗនេះគឺជារឿងត្រឹមត្រូវ ព្រោះបុគ្គលនេះបានប្រព្រឹត្តនូវទង្វើខុសច្បាប់ជារឿយៗ ពោលគឺតែងតែរិះគន់ប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរបំផុត ដល់អង្គព្រះមហាក្សត្រ ដែលជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ទោសទណ្ឌនេះ គឺជាការដាស់តឿនដល់ជនគ្រប់រូប និងអ្នកនយោបាយគ្រប់ជំនាន់ ឱ្យចេះគោរពច្បាប់ គោរពផលប្រយោជន៍ជាតិ ប្រជារាស្ត្រ និងអង្គព្រះមហាក្សត្រ ដោយប្រកាន់ភ្ជាប់នូវការសាមគ្គីគ្នា ជៀសវាងកុំឱ្យប្រទេសជាតិធ្លាក់ក្នុងភាពអន្តរាយសារជាថ្មីម្តងទៀត ដូចពីអតីតកាល។ គណបក្សហ៊្វុនស៊ិនប៉ិច ប្តេជ្ញាប្តូរផ្តាច់ការពាររបបរាជានិយម ព្រះរាជបល្ល័ង្ក និងគោរពតាមរដ្ឋធម្មនុញ្ញ ដោយតម្កល់ឧត្តមប្រយោជន៍ប្រជារាស្ត្រ និងជាតិជាធំ៕





