នាយករដ្ឋមន្ត្រីប្រកាសលើកលែងទោសដល់អ្នកផ្ដាច់ខ្លួនចេញពី សម រង្ស៊ី

បន្ទាប់ពីដាក់ចេញនូវយុទ្ធសាស្ត្រ IF កាត់ផ្ដាច់មនោគមន៍វិជ្ជានយោបាយទណ្ឌិត សម រង្ស៊ី នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានប្រកាសថា នឹងលើកលែងទោសដល់អ្នកដែលផ្ដាច់ខ្លួនពីទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ បន្ទាប់ពីដាក់ចេញនូវយុទ្ធសាស្ត្រ IF កាត់ផ្ដាច់មនោគមន៍វិជ្ជានយោបាយទណ្ឌិត សម រង្ស៊ី នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានប្រកាសថា នឹងលើកលែងទោសដល់អ្នកដែលផ្ដាច់ខ្លួនពីទណ្ឌិត សម រង្ស៊ី។

នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋដែលផ្លាស់ទីលំនៅពីតំបន់អង្គរមកភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានដឹងពីអ្នកដែលបានភ្ជាប់ខ្លួន រួមទាំងគណបក្សនយោបាយមួយដែលកំពុងភ្ជាប់ខ្លួនជាមួយនឹងលោក សម រង្ស៊ី ដោយបានប្រាប់ទៅដល់ពួកគេឱ្យប្រញាប់ដកខ្លួនចេញពីទណ្ឌិតរូបនេះ ខណៈដែលនៅក្រៅប្រទេសអាចត្រូវបាននាយករដ្ឋមន្ត្រីលើកលែងទោសអនុញ្ញាតឲ្យចូលស្រុកវិញផងដែរ។

សម្ដេចតេជោថា៖ «ខ្ញុំកំចាត់តែអាមួយហ្នឹងទេ! អត់មានអ្នកណាផ្សេងទេ។ អញ្ចឹងអ្នកដទៃបំបែកខ្លួនចេញមក។ ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឲ្យអ្នកឯង តែឲ្យបែកចេញពីអាមួយហ្នឹង! ព្រោះខ្ញុំសូមសិទ្ធិស្នើសុំទៅព្រះមហាក្សត្រឲ្យលើកលែងទោសតែក្នុងលក្ខខន្តអ្នកឯងបែកពីអាមួយហ្នឹង»។

សម្ដេចតេជោព្រមានគណបក្សមួយដែលនៅតែបន្តភ្ជាប់ខ្លួនជាមួយ សម រង្ស៉ី នឹងត្រូវប្រឈមនឹងបណ្ដឹងនៅតុលាការរំលាយចោលផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ នាយករដ្ឋមន្ត្រី បានប្រកាសចេញនូវយុទ្ធសាស្ត្រ IF ដើម្បីរំលាយមនោគមន៍វិជ្ជាពូជក្បត់ជាតិ ៣ជំនាន់ត្រកូលសម ដើម្បីភាពសុខសាន្តរបស់កម្ពុជា។ I មានន័យថា Isolated ធ្វើឲ្យឯកការ និង F មានន័យថា Finish បញ្ចប់។

នេះជាការកំណត់យុទ្ធសាស្ត្រជាលើកទីពីររបស់សម្ដេចតេជោបន្ទាប់ពីយុទ្ធសាស្ត្រ ឌីហ្វីត រំលាយខ្មែរក្រហមនៅទស្សវត្សឆ្នាំ៩០៕ 

Leave a Reply