សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបលេខាធិកាអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈឹមបក្សកុម្មុយនីសវៀតណាម នៅវិមាន ៧មករា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា បានទទួលជួបឯកឧត្តម VO VAN THOUNG សមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្សកុម្មុយនីសវៀតណាម នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលនៃគណៈបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលឯកឧត្តម VO VAN THOUNG បានដឹកនាំគណប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា បានទទួលជួបឯកឧត្តម VO VAN THOUNG សមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្សកុម្មុយនីសវៀតណាម នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលនៃគណៈបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលឯកឧត្តម VO VAN THOUNG បានដឹកនាំគណប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២។

សូមជម្រាបថា ឯកឧត្តម VO VAN THOUNG សមាជិកការិយាល័យនយោបាយនិងជាលេខាធិកាអចិន្ត្រៃយ៍នៃគណះលេខាមជ្ឈឹមបក្ស បានដឹកនាំគណប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនីសវៀតណាម មកដល់ប្រទេសកម្ពុជានៅ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម VO VAN THOUNG នៅកម្ពុជា បើតាមការគ្រោងទុក ឯកឧត្តមសមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្ស នឹងដឹកនាំគណៈប្រតិភូវៀតណាម ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ។

ក្រៅពីនោះ ឯកឧត្តម VO VAN THOUNG មានជំនួបពិភាក្សាការងា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា, ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា, ចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ជួបសម្តែងការគួរសមចំពោះលោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម VO VAN THOUNG សមាជិកការិយាល័យនយោបាយនិងជាលេខាធិកាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្សកុម្មុយនីសវៀតណាម មកកាន់កម្ពុជានាពេលនេះ ក្នុងគោលបំណងបន្តពង្រឹង និងធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ៕

Leave a Reply