កម្ពុជាទទួលការសាទរពីសហគមន៍អន្តរជាតិជាថ្មី ជុំវិញការធ្វើជាសហស្ថាបនិកថ្កោលទោសរុស្ស៊ី

ជាថ្មីម្តងទៀត កម្ពុជាបានចេញមុខធ្វើជាសហស្ថាបនិក ក្នុងការបោះឆ្នោតថ្កោលទោសលើប្រទេសរុស្ស៊ី ក្នុងការណ៍ដែលរុស្ស៊ីដណ្តើមយកតំបន់ចំនួនបួនរបស់អ៊ុយក្រែន មកធ្វើជារបស់ខ្លួន។ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃ១២ខែតុលាឆ្នាំ២០២២កម្ពុជាបានចាប់ដៃជាមួយប្រទេសចំនួន១៤២ផ្សេងទៀតគាំទ្រការប្រឆាំងទង្វើរបស់រុស្ស៊ី

ភ្នំពេញ៖ ជាថ្មីម្តងទៀត កម្ពុជាបានចេញមុខធ្វើជាសហស្ថាបនិក ក្នុងការបោះឆ្នោតថ្កោលទោសលើប្រទេសរុស្ស៊ី ក្នុងការណ៍ដែលរុស្ស៊ីដណ្តើមយកតំបន់ចំនួនបួនរបស់អ៊ុយក្រែន មកធ្វើជារបស់ខ្លួន។ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃ១២ខែតុលាឆ្នាំ២០២២កម្ពុជាបានចាប់ដៃជាមួយប្រទេសចំនួន១៤២ផ្សេងទៀតគាំទ្រការប្រឆាំងទង្វើរបស់រុស្ស៊ី។

ក្រោយលទ្ធផលបានបង្ហាញចេញ កម្ពុជាត្រូវបានបណ្តាសហគមន៍អន្តរជាតិបង្ហាញចំណាប់អារម្មណ៍ថ្មី ចំពោះការសម្រេចចិត្តមួយនេះ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានសរសេរលើបណ្តាញសង្គមធ្វីតធ័រ នៅថ្ងៃព្រហស្បតិ៍ ទី១៣ខែតុលានេះ ថា៖ «កម្ពុជាបានបង្ហាញគោលការណ៍នៃការដឹកនាំក្នុងនាមជាប្រធានអាស៊ាន ដែលបានធ្វើជាសហស្ថានិកក្នុងដំណោះស្រាយជាប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិ»។

បើតាមលោកឯកអគ្គរដ្ឋទូត គឺ ពិភពលោកកំពុងរួបរួមគ្នាការពារបូរណភាពទឹកដីរបស់អ៊ុយក្រែន និងថ្កោលទោសចំពោះការបំពានរបស់រុស្ស៊ី ដែលផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិ។

អ្នកតាមដាននយោបាយការបទេសកម្ពុជា លោក ឯម សុវណ្ណារ៉ា ដែលជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លើកឡើងថា៖ «អ្វីដែលកម្ពុជាធ្វើនេះ គឺកម្ពុជាឈរនៅលើគោលការណ៍ច្បាប់ អង្គការសហប្រជាជាតិ។

តាមលោក ឯម សុវណ្ណារ៉ា ប្រសិនបើកម្ពុជាមិនអាចឈរលើជំហរច្បាប់ នោះកម្ពុជាក៏នឹងមិនមានលក្ខខណ្ឌ ឬហេតុផលក្នុងការការពារខ្លួននាពេលអនាគត បើសិនជាមានបញ្ហាណាមួយកើតឡើងសម្រាប់កម្ពុជា។ លោកថា៖ «ត្រង់ចំណុចនេះ កម្ពុជាអត់មានសម្អាងឬក៏ឱ្យសហគមន៍អន្តរជាតិការពារបានទេ»។

កាលពីថ្ងៃអង្គារ ទី១១ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកទង្វើរបស់រុស្ស៊ីដណ្តើមកាន់កាប់តំបន់ទាំង៤របស់អ៊ុយក្រែន មកធ្វើជាកម្មសិទ្ធិ ថាជារឿងមិនល្អ និងជារឿងមិនត្រឹមត្រូវ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «វាមិនរឿងជាល្អទេនៅសតវត្សរ៍ទី២១ហើយនោះ ហើយប្រទេសមួយទៅដើរយកដីប្រទេសមួយ ។វាមិនមានជារឿងត្រឹមត្រូវទេ!។ បើប្រទេសជិតខាងយើង ធ្វើចឹងដាក់យើង តើយើងខឹងទេ? យើងត្រូវប្រកាន់យកគោលការណ៍ច្បាប់ជាមូលដ្ឋាន»។

នេះគឺជាការសម្រេចចិត្តធ្វើជាសហស្ថាបនិករបស់កម្ពុជាជាលើកទី២ហើយ ក្នុងការថ្កោលទោសលើរុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។ ដោយកាលពីផ្តើមខែមីនា កម្ពុជាបានចូលរួមផ្តួចផ្តើមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសទង្វើរុស្ស៊ី ដែលឈ្លានពានលើអ៊ុយក្រែន ដែលជារដ្ឋអធិបតេយ្យភាព។

យ៉ាងណាមិញ ការថ្កោលទោសរុស្ស៊ីជាថ្មីម្តងទៀតនេះ ត្រូវបានអ្នកតាមដានកិច្ចការនយោបាយអន្តរជាតិ យល់ថា នឹងជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខ ខណៈដែលកម្ពុជាជាម្ចាស់ផ្ទះនោះ។ លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ យល់ថា ចង់ឬមិនចង់ កិច្ចប្រជុំកំពូលខាងមុខ អាចមានភាពតានតឹងខ្លះ ព្រោះកម្ពុជាបានអញ្ជើញថ្នាក់ដឹកនាំប្រទេសធំៗជាច្រើន រួមទាំង អាមេរិក ចិន និងរុស្ស៊ី មកចូលរួមនៅទីក្រុងភ្នំពេញនោះ៕ 

Leave a Reply