នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម និងឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពស្រែស្រួវ របស់ប្រជាកសិករ ទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រមាណជិត ៨០០ហ.ត ដើម្បី ត្រៀមស្ដារឡើងវិញ នារដូវទឹកសម្រកចុះទៅវិញ។
តាមរបាយការណ៍ របស់ លោក ទុន ណេត អភិបាល ស្រុកស្ទឹងត្រង់ បានឲ្យដឹងថា មកដល់ពេលនេះ ដោយសារស្រុកស្ទឹងត្រង់ បានទទួលរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ បានធ្វើឲ្យប៉ះពាល់ខូចខាតដំណាំស្រូវ និងមានតម្រូវការស្ដារឡើងវិញតាមឃុំ និងភូមិមួយចំនួន សរុបចំនួន ៣១ភូមិ មានចំនួន ៧៦១ហ.ត ស្មើនឹង ១.៤៤៦គ្រួសារ ក្នុងនោះមាន ៖ ឃុំពាមកោះស្នា មាន ០៨ភូមិ ចំនួន ២៧០ហ.ត ស្មើនឹង ៤៩៨គ្រួសារ ។ ឃុំខ្ពបតាងួន មាន ០៦ភូមិ មានចំនួន ១៦៣ហ.ត ស្មើនឹង ២២២គ្រួសារ ។ ឃុំអារក្សត្នោត មាន ០២ភូមិ ចំនួន ១១៥ហ.ត ស្មើនឹង ១៨៥គ្រួសារ។ ឃុំព្រែកបាក់ មាន ០៤ភូមិ ចំនួន ៧៧ហ.ត ស្មើនឹង ១៣៦គ្រួសារ ។ ឃុំព្រែកក់មានចំនួន ០៨ភូមិ ចំនួន ៧១ហ.ត ស្មើនឹង ២៤៩គ្រួសារ ។ ឃុំព្រះអណ្ដូង មាន ០៣ភូមិ ចំនួន ៦៥ហ.ត ស្មើនឹង ១៥៦គ្រួសារ។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា បេសកកម្មរបស់ក្រុមការងារបានចុះពិនិត្យ នាពេលនេះ ដើម្បី បូកសរុបរបាយការណ៍ខូចខាតស្រែស្រូវរបស់បងប្អូនប្រជាកសិករ ហើយរាយការណ៍ជូនគណៈកម្មការគ្រោះមហន្តរាយ ក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី បានពូជស្រូវ សម្រាប់យកមកស្ដារការខូចខាត ជូនបងប្អូនប្រជាកសិករឡើងវិញ ឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ដែរថា នាឱកាសអញ្ជើញចុះពិនិត្យស្ថានភាពស្រែស្រូវ របស់បងប្អូនប្រជាកសិករ នៅក្នុងភូមិសាស្ត្រ ខាងលើនេះដែរ ឯកឧត្ដម អ៊ុម សំអាត រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ព្រមទាំង ក្រុមការងារក៏បានអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅតំបន់នោះផងដែរ៕






