ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា មានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅក្នុងឆ្នាំ ២០២១ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនវិជ្ជមាន ក្នុងរង្វង់អត្រា ៥% នៅក្នុងឆ្នាំ ២០២២ និង ៦% នៅក្នុងឆ្នាំ ២០២៣ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ។
ក្នុងឱកាសនេះ សម្ដេចតេជោ បានថ្លែងថា ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាល រួចមកហើយ ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាល តែងកំណត់ «មនុស្ស» ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ជាពិសេសចាប់ពីដំណាក់កាលទី៣ មក រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាវិស័យអាទិភាព ចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាព ក្រីក្រ ។ ជាក់ស្តែង កម្ពុជា បានបង្កើតការងារជូនប្រជាជនរាប់លាននាក់ ជាពិសេស ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ពីអត្រា ៥៣,២% ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧,៨% ប៉ុណ្ណោះក្នុងឆ្នាំ ២០២០ ។ ជាមួយគ្នានេះ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយមុន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានអត្រាកំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសមានការអភិវឌ្ឍតិចតួចទៅ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ ។
សម្ដេចបន្តថា ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងរាលដាលនេះ ដំណើរឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យទាំងនេះអាចជួបប្រទះនឹងការរាំងស្ទះ ។ ជាការពិត នៅក្នុងឆ្នាំ ២០២០ ជំងឺដ៏កាចសាហាវនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ដែល ជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ ។
សម្ដេចតេជោ បានបន្ថែមថា ជាការឆ្លើយតប បន្ថែមពីលើវិធានការសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងជីវភាពរបស់ កម្មករ-និយោជិត ក៏ដូចជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បានកៀរគរកម្លាំងសរុបរបស់ជាតិ ដើម្បីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងបង្កើតបានភាពស៊ាំសហគមន៍ដ៏រឹងមាំមួយទូទាំងប្រទេស ។ សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យតាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ប្រកបដោយសុវត្ថិភាពរហូតមកដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញជាបណ្តើរៗប្រកបដោយភាពធន់ និងរឹងមាំ ។ ជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាមានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅក្នុងឆ្នាំ ២០២១ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនវិជ្ជមាន ក្នុងរង្វង់អត្រា ៥% នៅក្នុងឆ្នាំ ២០២២ និង ៦% នៅក្នុងឆ្នាំ ២០២៣ ៕