តាមរយៈសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចកែសម្រួលវិធានការព្រំដែន ចំពោះអ្នកដំណើរបរទេស ដែលមានបំណងធ្វើដំណើរចូលប្រទេសជប៉ុន ដោយចាប់អនុវត្តន៍ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះតទៅ។
ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថារដ្ឋាភិបាលជប៉ុន បានលុបចោលលក្ខខណ្ឌតម្រូវនៃការបំពេញ Entrants, Returnees Follow-up_System (ERFS) និងបើកដំណើរការទិដ្ឋាការចូលប្រទេសជប៉ុនសម្រាប់ទេសចរបរទេសឡើងវិញ ដោយលើកលែងការរឹតត្បិតទិដ្ឋាការទេសចរណ៍សម្រាប់តែកញ្ចប់ទេសចរណ៍ (package tours) ។ចាប់អនុវត្តន៍ឡើងវិញនូវការលើកលែងទិដ្ឋាការចំពោះបណ្តាប្រទេសដែលមានកិច្ចព្រមព្រៀងលើការលើកលែងទិដ្ឋាការ ។
ជាមួយគ្នានេះរដ្ឋាភិបាលជប៉ុនក៏បានសម្រេចលើកលែងការធ្វើតេស្តនៅពេលមកដល់ចំពោះអ្នកដំណើរពីបរទេស ដែលមិនមានរោគសញ្ញ សង្ស័យថាបានឆ្លងមេរោគកូវីដ-១៩ និងមានវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានក្នុងបញ្ជីអនុញ្ញាតប្រើប្រាស់បន្ទាន់ដោយអង្គការសុខភាពពិភពលោក (WHO) ចំនួន ០៣ ដូស ឬ វិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ត PCR កូវីដ-១៩ អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោងមុនពេលធ្វើដំណើរ។ ក្នុងនោះក៏សម្រេចលុបចោលការកម្រិតចំនួនអ្នកដំណើរចូលប្រទេសជប៉ុន ប្រចាំថ្ងៃផងដែរ៕