លោកំទាវកិត្តិសង្គហបណ្ឌិត ប្រកាសថា ៖ រាជធានីភ្នំពេញ ជាទីក្រុងអស់មីន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង តំណាង ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ៖ រាជធានីភ្នំពេញកាលពី ៤៣ឆ្នាំមុន គឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទ គ្មានសល់ អ្វីៗត្រូវបានកំទេច រាប់ទាំងជីវិតមនុស្ស។ រាជធានីភ្នំពេញ បានឆ្លងកាត់ភ្លើងសង្គ្រាម និងឧបសគ្គជាច្រើន ទំរាំបានដូចសព្វថ្ងៃនេះ។ សង្គ្រាមឈ្លប និងចលនាឧទ្ទាម បាន បង្កអសន្តិសុខសង្គមព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេស ដែលបានឆក់យកជីវិត ឬបង្កឲ្យមានពិការភាពដល់ប្រជាពលរដ្ឋ រហូតដល់សព្វថ្ងៃដែលបង្កឡើង ដោយផលលំបាកនៃសង្គ្រាម និងគ្រាប់មីន។

ឯកឧត្តម បានបន្តថា ផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញ មានចំការមីន ចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ ម៉ែត្រការ៉េ ដែលមានខណ្ឌចំនួន៤ គឺខណ្ឌជ្រោយចង្វា, ព្រែកព្នៅ, ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ អ្វីដែលគួរឲ្យសោកស្តាយជាទីបំផុតនោះ គឺគិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានអ្នករង គ្រោះ សរុបចំនួន២០៤នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន៧២នាក់, ពិការ៥នាក់ និងរបួសចំនួន១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ ត្រូវបន្តខិតខំ ដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៏ទីក្រុងរបស់យើង។

នាឱកាសនោះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងដែរថា៖ ការគម្រាមកំហែងដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះគឺមានភាពស្មុកស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋយើងនិងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៏របស់យើងថែមទៀត។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលប់បំបាត់គ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ២០២៥ តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ តាមការចង្អុរបង្ហាញពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបំពេញការងារទទួលជោគជ័យប្រកបទៅដោយផ្លែផ្កា ធ្វើឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់នូវ សមត្ថភាពលើវិស័យបោសសម្អាតមីននៅកម្ពុជា។

លោកជំទាវបានថ្លែងបន្តទៀតថា ៖ រាជធានីភ្នំពេញ កាលពី ៤៣ឆ្នាំមុន នេះបានពោរពេញទៅដោយភាពឈឺចាប់ ដោយបានឆ្លងកាត់សង្គ្រាម និងបានក្លាយជាទីក្រុងខ្មោច ដែលកើតចេញពីវិនាសកម្ម សង្គ្រាម បានបន្សល់នូវភាពនិរាស ព្រាត់ប្រាស់ កំព្រា ឯការ និងភាពខ្ទេចខ្ទាំ ដោយបានឆ្លង កាត់ការលំបាកជាច្រើនដំណាក់កាល រហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ និងបានប្រសិទ្ធិនាមថាជា ទីក្រុងគ្មានមីន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានបិទបញ្ចប់ដោយជោគជ័យនូវសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយពេលជាងពីរទសវត្សរ៍ និងបានបិទបញ្ចប់ទាំងស្រុង នូវអង្គការចាត់តាំង ទាំងខាងនយោបាយ និងយោធា នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅចុង ឆ្នាំ១៩៩៨ ក្រោមការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត និងបាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី និងសុខសន្តិភាពពេញលេញ ជូនប្រទេសជាតិ និងប្រជាជនយើង៕

Leave a Reply