ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចង់ចាំពាក្យ«អរគុណសន្តិភាព» ដកជាប់ក្នុងបេះដូងជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំធ្វើបុណ្យតាមទីអារាមដូចនាពេលនេះ បាននោះឡើយ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឳកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន បន្តអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ និងនាំយកទេយ្យទានទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនវត្តបទុមរង្សី ហៅវត្តពើក ស្ថិតក្នុងភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដើម្បីបន្តទ្រទ្រង់វិស័យពុទ្ធសាសនា។
















