ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គត របស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Elizabeth II)

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Elizabeth II) ។

ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ថ្វាយព្រះអង្គម្ចាស់ ឆាល (Charles) មានខ្លឹមសារថា «ខ្ញុំពិតមានអារម្មណ៍សោកសៅក្រៃលែង ពេលទទួលបានដំណឹងនៃការយាងសោយទិវង្គតរបស់មាតាព្រះអង្គ គឺព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ ។ តាងនាមឱ្យប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ និងរូបខ្ញុំផ្ទាល់ សូមផ្ញើជូនដល់ព្រះអង្គផ្ទាល់ ក៏ដូចជារាជវង្សសានុវង្ស និងប្រជាជននៃចក្រភពអង់គ្លេសទាំងមូល នូវការចូលរួមរំលែកទុក្ខ និងក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ និងស្មោះត្រង់ជាទីបំផុត។
យើងខ្ញុំសូមសម្តែងការគោរព និងចងចាំចំពោះព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ ដែលជាប្រមុខរដ្ឋកាន់អំណាចបានយូរបំផុត នៅលើពិភពលោក និងគួរស្ថិតនៅក្នុងបេះដូងមនុស្សគ្រប់រូប សម្រាប់ភក្តីភាពដ៏អស្ចារ្យឋិតថេរ ចំពោះមាតុប្រទេសរបស់ទ្រង់។ សូមឱ្យវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រីយានី បានយាងទៅកាន់សុគតិភព» ។

សូមជម្រាបថា ព្រះមហាក្សត្រីយានី Elizabeth II បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ (ពេលវេលានៅកម្ពុជា)។ ព្រះមហាក្សត្រីយានី Elizabeth II ត្រូវបានគេស្គាល់ទ្រង់ថា ជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស ហើយក៏ជាក្សត្រីគ្រងលើរាជបុរីប្រមាណជា ១៤ រាជបុរីផ្សេងទៀតនៅលើពិភពលោក ៕

Leave a Reply