ខេត្តព្រះវិហារ៖ ប្រសាសន៍ជំរុញរបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងអង្គភាពកងកម្លាំងទាំង៣ របស់ខេត្តព្រះវិហារផងដែរ ។
នៅក្នុងដំណើរការនៃកិច្ចប្រជុំនេះ ក៏មានការពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដូចជាការស្នើសុំដីសម្រាប់ការសាងសង់អគារ ការសុំចុះបញ្ជីដីធ្លីរបស់មន្ទីរមួយចំនួន បញ្ហាទំនាស់ដីធ្លី រវាងមន្ទីរ និងស្ថាប័នរដ្ឋ ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបញ្ហាសំណើសុំកំណត់អត្តសញ្ញាណដី ដែលជាដីជនជាតិដើមភាគតិចកួយ ស្នើសុំជួយសម្រប សម្រួល កាត់ដីដែលពាក់ព័ន្ធ ជាមួយ ក្រុមហ៊ុនហ្គ្រីន ឈ័យ ខេមបូឌា ខូអិលធីឌី ដែលបានចូលក្នុងព្រំដីសហគមន៍ជនជាតិដើមភាគតិចកួយ ដើម្បីចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព ព្រមទាំងបញ្ហានានា ជាច្រើនទៀត ដែលទាក់ទងទៅនឹងដីធ្លី ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានជំរុញឲ្យអាជ្ញាធរក្រុង ស្រុក ត្រូវគ្រប់គ្រង និងការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសមន្ទីរជំនាញ ត្រូវសហការជាមួយអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ប្រកបដោយតម្លាភាពភាព ដោយឈរលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាននានា ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។
ឯកឧត្តម អភិបាលខេត្ត បានស្នើដល់សមាជិក គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋទាំងអស់ ត្រូវចូលរួមពិភាក្សា និងចូលរួមជាគំនិតយោបល់ល្អៗ ទៅលើការគ្រប់គ្រងដីរដ្ឋ ការងារដីសម្បទានសេដ្ឋកិច្ច ការងារដីសម្បទានសង្គមកិច្ច និងការចុះបញ្ជីដីធ្លីជាដើម ដើម្បីឱ្យការងារគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ៕




