ចរចាប្រាក់ឈ្នួល៖ កម្មករភាគច្រើន ចង់បានប្រាក់ឈ្នួលសមស្របទៅតាមស្ថានភាព តម្រូវការបច្ចុប្បន្ន

កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករវិស័យវាយនភណ្ឌកាត់ដេរ និងផលិត ស្បែកជើង បានប្រព្រឹត្តធ្វើឡើង ចំនួន៣លើករួចមកហើយ គិតដើមខែកញ្ញានេះ ។

ភ្នំពេញ:កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករវិស័យវាយនភណ្ឌកាត់ដេរ និងផលិត ស្បែកជើង បានប្រព្រឹត្តធ្វើឡើង ចំនួន៣លើករួចមកហើយ គិតដើមខែកញ្ញានេះ ។

នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៣ កាលពីថ្ងៃទី០១ ខែកញ្ញា ភា គី តំណាងកម្មករនិយោជិត បានបន្ថយតួលេខពី ចំនួន២១៥ដុល្លារអាមេរិក មកតួលេខ២១៣ ដុល្លារអាមេរិក ខណៈភាគីនិយោជក ក៏បានដំឡើងតួលេខពី ចំនួន១៩៤ដុល្លារ ទៅតួលេខ ១៩៦ដុល្លារ។ ដោយឡែកអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បាន គណនា ឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ គឺ១៩៧.៨៦ ដុល្លារ ។

ជុំ វិញបញ្ហានេះ អ្នកស្រី កឹមទិត សុភី អាយុ៣៧ ឆ្នាំ ជាប្រធានផ្នែកដេរនៅរោងចក្រJIE WEI (Cambodia) garment Factory Limited បានប្រាប់ថា កាលប្រជុំរឿងដំឡើងប្រាក់ឈ្នួលនេះ បានពិភាក្សាគ្នា ជាច្រើនលើកច្រើនសា ហើយដោយពួកអ្នកស្រី ជាកម្មករតែងតែសង្ឃឹមថា ឆ្នាំ២០២៣នេះ អាចឡើងបានប្រាក់ខែគោល២០០ដុល្លារ ។

« កាលពីឆ្នាំទៅពួកខ្ញុំទាមទារ២០០ដុល្លារ។ តែដោយសារបញ្ហាកូវីដ ទើបយល់ស្របយក ១៩៤ដុល្លារ តែបើឥលូវនេះ តម្លើងបានតែ១៩៧ដុល្លារទៀត ពួកខ្ញុំកម្មករស្រែកហើយ ព្រោះ ទំនិញឡើងថ្លៃគ្រប់មុខ ណាមួយត្រូវកាត់លុយសោធនទៀត » ។

អ្នកស្រីបន្ថែមថា កម្មករគ្រប់គ្នា គ្រាន់តែចង់បានប្រាក់ខែសមរម្យ ហើយសមស្របទៅតាម ស្ថានភាពតម្រូវការបច្ចុប្បន្នប៉ុណ្ណោះ។ ចំណែកឯកម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ Simil Cambo Co .,LtD ម្នាក់ទៀតគឺ អ្នកស្រី អូន វណ្ណា អាយុ៣៤ឆ្នាំ បានធ្វើការជាកម្មករ ផ្នែកដេរ អស់រយៈពេលជាង១០ឆ្នាំ ហើយបញ្ជាក់ថា ស្របពេលដែលរោងចក្រត្រូវតម្លើងប្រាក់ខែឲ្យ កម្មករ គឺរបស់ប្រើប្រាស់ និងទំនិញផ្សេងៗ នៅលើទីផ្សារទាំងអស់ ត្រូវឡើងថ្លៃ ជាមួយគ្នាដែរ ។

អ្នកស្រី លើកឡើងថា « បើប្រៀប កាលពីមុន ដូចឡើងបាន២ដុល្លារ ចឹងទំនិញគ្រប់បែបយ៉ាង ទាំងអស់ ត្រូវឡើងច្រើន ហើយទាំងដឹងថា រោងចក្រអត់ទាន់ឡើងប៉ុន្មានផង សូម្បីតែផ្ទះជួល ក៏ឡើងមុន៥ដុល្លារបាត់ហើយ »។ អ្នកស្រី សង្ឃឹមថា ប្រសិនបើប្រាក់ឈ្នួលដំឡើងបានតែ ១៩៧ .៨៦ នៅឆ្នាំ២០២៣ ជីវភាពអ្នកស្រីទំនងជាអាចទ្រាំទ្ររួចដែរ ក្នុងករណីទំនិញគ្រប់បែប យ៉ាង មិនដំឡើងទៅតាមប្រាក់ឈ្មួល ។

រីឯ កញ្ញា ណាន ណារី វិញ ជាកម្មកររោងចក្រ Xin Hay Tong Clothing កម្មករផ្នែកត្រួតពិនិត្យ យល់ថា ប្រាក់ឈ្នួល ដែលតម្លើងឲ្យវាមិនសមស្រប ទៅនឹងការចំណាយក្នុងពេលបច្ចុប្បន្ន នេះផង ៖ « ប្រាក់ខែ បើកសព្វថ្ងៃនេះ ចាយមិនដល់ខែវិញផង ខ្វះមុខ ខ្វះក្រោយចឹង ។ ចំណាយឡើងច្រើនជាងមុន លុយបើកមក បានតិចតួច»។

កញ្ញា សំ ណូមពរថា សុំអោយឡើងបាន២០០ដុល្លារ ទើបអាចសមស្រប ទៅតាមការ ចំណាយ ក្នុងពេលបច្ចុប្បន្ននេះ ព្រោះរបស់របរប្រើប្រាស់ឡើងថ្លៃរហូត ។


សូមរំឭកដែរថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែក ជើង និងសម្ភារៈ ធ្វើដំណើរ សម្រាប់ឆ្នាំ២០២២ គឺមានតួលេខ១៩៤ដុល្លារ ក្នុងមួយខែ។ នៅ ក្នុងឆ្នាំ២០២២នោះ ភាគីថៅកែ មិនបានដំឡើងប្រាក់ឈ្នួលដល់កម្មករកម្មការិនីឡើយ ក៏ប៉ុន្តែ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែម២ដុល្លារ ទៅលើប្រាក់ខែគោលជាហេតុ ធ្វើ ឱ្យប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២២ កើនដល់១៩៤ដុល្លារ ៕

Leave a Reply