ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដោះស្រាយជាបន្ទាន់ ករណីការតវ៉ារបស់កម្មករ ដែលក្រុមហ៊ុនមួយមិនបើកប្រាក់ខែឱ្យ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងការងារ យកលុយរដ្ឋ ទៅដោះស្រាយឱ្យកម្មករ ដែលមានទំនាស់ជាមួយក្រុមហ៊ុនសិន មុននឹងមានចំណាត់ការលើក្រុមហ៊ុន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចបានទទួលដំណឹងថា កម្មករនៃរោងចក្របានធ្វើការដាក់ញាត្តិមកកាន់ខុទ្ទកាល័យរបស់សម្ដេច ដោយសម្ដេចបានសម្រេចបញ្ជានៅថ្ងៃព្រឹកទៅកាន់ក្រសួងការងារឱ្យយកលុយរដ្ឋដោះស្រាយជូនកម្មករសិន រួចចាំដោះស្រាយជាមួយក្រុមហ៊ុនតាមក្រោយ ដោយវិធានការផ្សេងៗ ឬបង្កកប្រាក់ ៕