អភិបាលរាជធានី ជំរុញការស្ដារប្រឡាយបឹងត្របែកដើម្បីកាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញពន្លឿនការស្ដារប្រឡាយបឹងត្របែកឱ្យបានលឿន ដើម្បីបើកទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញពន្លឿនការស្ដារប្រឡាយបឹងត្របែកឱ្យបានលឿន ដើម្បីបើកទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ។

ការជំរុញរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែកក្កដា ២០២២នេះ ខណៈដែលលោក ដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពនៃការស្ដារបឹងត្របែកដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែកដល់ស្ថានីយបឹងត្របែកផ្លូវ២៧១ ។

នៅក្នុងឱកាសនៃការចុះពិនិត្យនោះឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញកាយសំរាម ភក់ និងស្មៅដែលជារនាំងឃាំងទឹកក្នុងប្រឡាយបឹងត្របែកនេះឱ្យអស់ពោលគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំង ម្តងៗ ទឹកអាចហូរបានលឿនទៅដល់មុខស្ថានីយ ដែលអាចអោយស្ថានីយបឹងត្របែក អាចមានសមត្ថភាព បូមទឹកបានលឿន ។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រឡាយបឹងត្របែកត្រូវបាន ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យមានការស្តារឡើងវិញ ជាមួយនឹងការចាក់ទំនប់តាមមាត់ប្រឡាយទទឹង១០ម៉ែត្រនិងបណ្តោយមានប្រវែងជាង៨២៧ ម៉ែត្រ។ ជាគំរោងទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនឹងចាក់បេតុងដើម្បីធ្វើជាផ្លូវឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានហើយក៏ជាផ្លូវមួយដើម្បីងាយស្រួលដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំ ផងដែរ ។ បន្ថែមពីលើនេះទៀត ក្រោយពីការកាយប្រឡាយ ដូចជាស្ដារប្រឡាយនេះឱ្យមានលំហូរទឹកបានល្អហើយ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញគ្រោងបុកស៊ីផាវ នៅតាមជញ្ជាំងប្រឡាយបឹងត្របែកនេះផងដែរ ៕

Leave a Reply