អនុប្រធានទី ២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តម Ek Nath Dhakal ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំឡុងពេល នៃការបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តម Ek Nath Dhakal ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំឡុងពេល នៃការបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងជំនួបនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនឿជាក់របស់អង្គការនេះមកលើប្រទេសកម្ពុជាក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។

ជាពិសេស លោកជំទាវ បានរំលឹកឡើងវិញ អំពីដំណើរទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលទទួលបានលទ្ធផលផ្លែផ្កាដ៏ត្រចះត្រង់ ដែលនៅពេលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើសំណើគោលនយោបាយជាក់ស្តែងពាក់ព័ន្ធមួយចំនួនឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ ហើយសំណើទាំងនោះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូលឆ្នាំ២០២២ ។

លោកជំទាវបានបញ្ជាក់នូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្តីពី “រដ្ឋពីរឆ្ពោះទៅប្រទេសតែមួយ ឧបទ្វីបតែមួយ វប្បធម៌តែមួយ ប្រជាជនតែមួយ” ដោយផ្តោតលើការផ្លាស់ប្តូរសង្គម-វប្បធម៌រវាងកូរ៉េទាំងពីរ ដែលជាមធ្យោបាយឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅឧបទ្វីបកូរ៉េ ។

លោកជំទាវ បានសង្កត់ធ្ងន់អំពីតម្លៃនៃសន្តិភាព ដែលជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យ។ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងវិបុលភាព មិនអាចប្រព្រឹត្តទៅបានទេលុះត្រាតែសន្តិភាពត្រូវបានធានា។ លោកជំទាវ ក៏បានជម្រាបជូនប្រតិភូដែរថា នៅកម្ពុជា សន្តិភាព គឺជាអាទិភាពចម្បង នៃដំណើរការកសាងប្រទេសជាតិ ។ ឃ្លាថា “អរគុណសន្តិភាព” បានក្លាយជាឃ្លាដែលប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីរំលឹកអំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាជន ដើម្បីការពារថែរក្សាសន្តិភាព ។

ជាមួយគ្នានេះ លោកជំទាវ បានបង្ហាញពីក្តីប៉ងប្រាថ្នារបស់ប្រជាជនកម្ពុជា គឺការរស់នៅប្រកបដោយសន្តិភាព វិបុលភាព និងសេរីភាព ។ ចក្ខុវិស័យនេះ យើងត្រូវរក្សាសន្តិភាព និងស្ថិរភាព អភិវឌ្ឍសមត្ថភាពធនធានមនុស្ស បន្តធ្វើកំណែទម្រង់អភិបាលកិច្ចឱ្យកាន់តែរឹងមាំ និងតរភ្ជាប់ ព្រមទាំងធ្វើសមាហរណកម្មកម្ពុជាទៅក្នុងប្រព័ន្ធអន្តរជាតិ ស្របតាមបាវចនា “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ដែលផ្តួចផ្តើមនិងបង្កើតឡើងផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ។

លោកជំទាវ ក៏បានលើកឡើងអំពីអតីតកាលដ៏ឈឺចាប់ វិនាសព្រាត់ប្រាស់ របស់ប្រជាជនកម្ពុជា អំឡុងពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសូម្បីលោកជំទាវផ្ទាល់ក៏បានបាត់បង់នូវសមាជិកគ្រួសារផងដែរ។ ការរងទុក្ខវេទនាកាលពី ៤៧ឆ្នាំមុននេះ គឺដូចគ្នាទៅនឹងសង្រ្គាមកូរ៉េ ដែលបានធ្វើឱ្យកូរ៉េបែងចែកជាពីរមកទល់បច្ចុប្បន្ន បណ្តាលឱ្យគ្រួសារកូរ៉េជាច្រើនលាននាក់ត្រូវព្រាត់ប្រាស។ ដូចនេះ បទពិសោធន៍ ពីដំណើរការសន្តិភាពរបស់កម្ពុជាបង្ហាញថា យើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិភាព ដោយយើងត្រូវតែបន្តថែរក្សា និងកសាងមូលដ្ឋានគ្រឹះនៃសន្តិភាព។ លោកជំទាវ បានសង្កត់ធ្ងន់ថា សន្តិភាព មិនមែនត្រឹមតែគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន ការថែរក្សាបេតិកភណ្ឌវប្បធម៌ និងការការពារបរិស្ថានផងដែរ។

លោកជំទាវ បានកត់សម្គាល់អំពីសភាពការណ៍បោះឆ្នោះឃុំ-សង្កាត់ កាលពីពេលថ្មីៗនេះ ដែលប្រទេសកម្ពុជា ទើបតែបញ្ចប់ ប្រកបដោយដោយសន្តិភាព បរិយាប័ន្ន សេរី និងយុត្តិធម៌ ។ លោកជំទាវបានថ្លែងអំណរគុណជូនចំពោះមិត្តអន្តរជាតិ ដែលបានចំណាយពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់ ចូលរួមសង្កេតការបោះឆ្នោត ក្នុងនោះ រួមទាំងប្រតិភូ មកពីសហព័ន្ធសន្តិភាពសកលផងដែរ ។

នៅក្នុងជំនួបនេះ ឯកឧត្តម Ek Nath Dhakal បានថ្លែងអំណរគុណ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចែករំលែក នូវបទពិសោធន៍ដ៏ក្បោះក្បាយស្តីពីបទពិសោធន៍ក្នុងការទទួលបានសន្តិភាពពេញលេញនៅកម្ពុជា ក៏ដូចជាការរួមចំណែករបស់សភា និងរាជរដ្ឋាភិបាលកម្ពុជា ទៅលើសន្តិភាពក្នុងតំបន់ ជាក់ស្តែងកិច្ចសន្ទនារកសន្តិភាពនៅឧបទ្វីបកូរ៉េ និងសកលលោកទាំងមូល។

ឯកឧត្តម បានបន្ថែមថា បើទោះបីបញ្ហា នៅឧបទ្វីបកូរ៉េ ស្មុគស្មាញអំពីមនោគមនវិជ្ជានយោបាយ ការដឹកនាំ ពិតមែនក្តី តែក្នុងនាមមនុស្សជាតិនិយម ប្រជាជាតិទាំងអស់ប្រាថ្នា ទទួលបានសុខសន្តិភាព បង្រួបបង្រួមគ្នា ដើម្បីបន្តបង្កើនការអភិវឌ្ឍ លើគ្រប់វិស័យប្រកបដោយសុខសន្តិភាព សុវត្ថិភាពទាំងក្នុងតំបន់ និងជាការរួមចំណែកដល់សុខសន្តិភាពទូទាំងសកលលោក។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានផ្តាំផ្ញើនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថា្នក់ដឹកនាំនៃសាធារណរដ្ឋកូរ៉េ សភាសហព័ន្ធសន្តិភាពសកល ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ ដែលតែងតែបន្តគាំទ្រជួយកម្ពុជា និងជំរុញវិនិយោគិន ឱ្យមកបណ្តាក់ទុន ធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើគ្រប់វិស័យ ដែលនេះបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

Leave a Reply