ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា-ឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាថ្ងៃទី០៧ កក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃ គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។
នៅមុនកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត នឹង អញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបន្តថា កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ រវាងកម្ពុជា និងឡាវ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្តពង្រឹង និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ គណៈកម្មការចម្រុះលើកទី១៤ សហប្រធានទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា និងឡាវ៕


